កូរ៉េខាងជើងកំពុងរៀបចំខិតប័ណ្ណ ដើម្បីបង្ហោះនៅតាមព្រំដែន សងសឹកចំពោះទង្វើរបស់កូរ៉េខាងត្បូង
កាសែត Rodong Sinmun បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងត្រៀមរៀបចំខិតប័ណ្ណ ដើម្បីបង្ហោះឆ្លងកាត់ព្រំដែនទៅប្រទេសកូរ៉េខាងត្បូង នៅក្នុងការសងសឹកចំពោះយុទ្ធនាការស្រដៀងគ្នានេះដោយសកម្មជនកូរ៉េខាងត្បូង ដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ប្រភពបានរាយការណ៍ពីគម្រោងនេះកាលពីថ្ងៃសៅរ៍ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន។ រូបភាពមួយក៏បានបង្ហាញពីកម្ទេចបារីខ្ចាត់ខ្ចាយលើខិត្តប័ណ្ណ ដែលមានមុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៉ីន។

របាយការណ៍បាននិយាយថា ខិត្តប័ណ្ណទាំងនោះគឺនឹងរិះគន់ក្រុងសេអ៊ូល ចំពោះការធ្វើឱ្យមានការបញ្ចប់ទំនាក់ទំនងអន្តរកូរ៉េ និងការបន្តចាក់រុកសហរដ្ឋអាមេរិក។ ក្រុងព្យុងយ៉ាងមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលសកម្មជនកូរ៉េខាងជើងដែលរស់នៅកូរ៉េខាងត្បូងបានប្រើបាឡុង ដើម្បីបង្ហោះការឃោសនារិះគន់ទៅមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន។ ក្រុងព្យុងយ៉ាងក៏ទើបតែបានឆ្លើយតប ដោយបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េមួយ នៅទីក្រុង Kaesong កាលពីថ្ងៃអង្គារសប្ដាហ៍មុនផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ NHK