ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្ដូរចិត្តមិនធ្វើសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងទៀតទេ

    BY autoadmin June 24, 2020
    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្ដូរចិត្តមិនធ្វើសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងទៀតទេ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនិយាយថា មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្អាកផែនការចាត់វិធានការយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។ កាសែតរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងឈ្មោះ Rodong Sinmun និយាយថា លោក គីម ជុងអ៊ុន បានធ្វើការសម្រេចចិត្តនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងអំឡុងពេលកិច្ចប្រជុំបឋមទាក់ទងនឹងការប្រាស្រ័យទាក់ទងតាមទូរគមនាគមន៍របស់គណៈកម្មាធិការយោធាមជ្ឈិម។

    កាសែតនិយាយថា គណៈកម្មការបានពិនិត្យមើលស្ថានការណ៍ដែលកំពុងកើតមាន និងបានបញ្ឈប់សកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង ដែលកងទ័ពប្រជាជនកូរ៉េ (Korean People’s Army) បានគ្រោងអនុវត្ត។ កងទ័ពបានដាក់ចេញនូវផែនការចំនួន ៤ បន្ទាប់ពីសកម្មជនខាងជើងដែលរស់នៅភាគខាងត្បូងបានបញ្ជូនខិត្តប័ណ្ណតាមរយៈបាឡុង រិះគន់ទៅកាន់លោក គីម ជុងអ៊ុន ឆ្លងកាត់ព្រំដែនកាលពីចុងខែឧសភា។ ក្រុងព្យុងយ៉ាងបានចោទប្រកាន់ក្រុងសេអ៊ូលថាបានអនុម័តលើយុទ្ធនាការនេះ។

    ផែនការមួយក្នុងចំណោមផែនការទាំង ៤ គឺដាក់ពង្រាយកងទ័ពទៅកាន់តំបន់ទេសចរណ៍មួយ ដែលបានរួមគ្នាអភិវឌ្ឍជាមួយប្រទេសខាងត្បូង។ ផែនការមួយទៀតគឺ ដើម្បីបង្ហោះខិត្តប័ណ្ណសងសឹកទៅកូរ៉េខាងត្បូងឆ្លងកាត់ព្រំដែន។ យ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយមិនបានពន្យល់ពីមូលហេតុ ដែលផែនការសកម្មភាពយោធាត្រូវបានគេបញ្ឈប់នោះទេ។ រំលឹកដែរថាកូរ៉េខាងជើងមិនសប្បាយចិត្តចំពោះខិត្តប័ណ្ណរិះគន់ទាំងនោះទេ ហើយកាលពីសប្តាហ៍មុនកូរ៉េខាងជើងក៏ទើបតែបំផ្ទុះការិយាល័យទំនាក់ទំនងរួមជាមួយខាងត្បូង នៅទីក្រុង Kaesong ក្នុងព្រំដែនរបស់ខ្លួនផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: