កីឡាករវាយ tennis លំដាប់លេខមួយនៅលើពិភពលោក លោក Novak Djokovic ត្រូវគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩
ស៊ែប៊ី៖ កំពូលកីឡាករវាយ tennis ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកគឺកីឡាករ Novak Djokovic ត្រូវបានសារព័ត៌មាន CNBC រាយការណ៍ថា រូបគាត់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ១៩ ហើយកីឡាកររូបនេះគឺជាកីឡាករទី ៤ ក្នុងចំណោមកីឡាករវាយ tennis ជាច្រើនទៀត ដែលបានឆ្លងនូវជំងឺកូវីដ ១៩ ក្នុងអំឡុងពេលប្រកួតជាលក្ខណៈផ្លូវការ។ ការធ្វើតេស្តចំពោះកីឡាករ Novak Djokovic ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគាត់បានធ្វើការប្រកួតវាយ tennis ជុំទីមួយនៅក្នុងទីក្រុង Belgrade នៃប្រទេសស៊ែប៊ី ហើយគេនៅចាំថាកាលពីចុងសប្តាហ៍មុនរូបគាត់ក៏បានទៅប្រកួតវាយ tennis នៅក្នុងទីក្រុង Zadar នៃប្រទេសក្រូអាតផងដែរ។

បន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមាននៃមេរោគកូវីដ ១៩ នៅក្នុងខ្លួនកីឡាករ Novak Djokovic ក្រុមវេជ្ជបណ្ឌិតបានបន្តធ្វើតេស្តចំពោះប្រពន្ធគាត់បន្ថែមទៀតហើយលទ្ធបានបង្ហាញថា ប្រពន្ធរបស់គាត់ក៏បានឆ្លងនូវជំងឺកូវីដ ១៩ ផងដែរ។ បច្ចុប្បន្នកីឡាករ Novak Djokovic ត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក និងផ្អាកការប្រកួតជាបណ្តោះអាសន្នដើម្បីទទួលបានការព្យាបាល។ សូមបញ្ជាក់ថា កីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីគឺជាកីឡាករវាយ tennis ឆ្នើមលំដាប់ពិភពលោក ហើយរូបគាត់ត្រូវបានគេព្យាករណ៍មានទ្រព្យសម្បតិ្តសរុបប្រមាណជា ២២០ លានដុល្លារអាមេរិក៕

អត្ថបទ៖ភក្តី
ប្រភព៖cnbc