កូរ៉េខាងត្បូងប្តឹងទាមទារសំណងពីព្រះវិហារ Shincheonji ចំនួន ៨២លានដុល្លារ ជុំវិញការធ្វើឱ្យឆ្លងរាលដាលនៃជំងឺកូវីដ១៩
ទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង កំពុងប្តឹងព្រះវិហារ Shincheonji ដើម្បីទារសំណងខូចខាតចំនួន ១០០ ពាន់លានវ៉ុន (៨២លានដុល្លារ) ដោយសារតែព្រះវិហារសាសនាមួយនេះ បានធ្វើឱ្យមានការផ្ទុះឡើងនៃជំងឺ COVID-19 ខណៈអ្នកជំងឺនៅកូរ៉េខាងត្បូងរហូតដល់ទៅ ៥,០០០ នាក់ មានជាប់ទាក់ទងជាមួយព្រះវិហារនោះទាំងអស់។ យោងតាមសារព័ត៌មាន Korea Herald បាននិយាយថា ទីក្រុង Daegu បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទៅតុលាការក្នុងស្រុកកាលពីសប្តាហ៍មុន ដើម្បីប្រឆាំងនឹងវិហារ Shincheonji ដែលមានស្ថាបនិកឈ្មោះថា Lee Man-hee ។

សារព័ត៌មាន The Herald បានឱ្យដឹងថា ទីក្រុង Daegu បានចោទប្រកាន់ព្រះវិហារ Shincheonji ពីបទរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងដើម្បីបិទទ្វារទប់ស្កាត់ជំងឺ COVID-19 ដែលប្រការនេះវានាំឱ្យមានការឆ្លងជំងឺ COVID-19 រាប់ពាន់នាក់ចេញពីព្រះវិហារនេះ។ ទីក្រុងនេះកំពុងស្វែងរកសំណងផ្នែកហិរញ្ញវត្ថុ ដែលស្មើនឹងប្រមាណ ២ ភាគ ៣ នៃការចំណាយទាក់ទងនឹងជំងឺ COVID-19 នៅក្នុងទីក្រុង Daegu ។ គួរឱ្យដឹងដែរថា ព្រះវិហារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងបានបង្កើនសមាជិកជិត ២៥០,០០០ នាក់ ដែលភាគច្រើននៅប្រទេសកូរ៉េខាងត្បូងផ្ទាល់។
សមាជិកអ្នកកាន់សាសនារបស់ព្រះវិហារត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃទី១៨ ខែកុម្ភៈ ប៉ុន្តែព្រះវិហារនៅតែបន្តរៀបចំការជួបជុំធំៗ ដោយមិនខ្វល់ពីការរាលដាលនោះទេ។ ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ក្រោយមក ក៏មានករណីឆ្លងជាង ២,០០០ ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងព្រះវិហារ។ វាជាការផ្ទុះឡើងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ហើយកាលនោះប្រទេសកូរ៉េខាងត្បូងបានក្លាយជាដែនដីមានការកើនឡើងនៃជំងឺ COVID-19 ច្រើនបំផុតក្រៅពីចិនដីគោក។ ជម្រាបដែរថាគិតត្រឹមថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា ខ្លួនមានអ្នកឆ្លងជំងឺសរុប ១២,៥៣៥ នាក់ ខណៈស្លាប់សរុប ២៨១ នាក់ផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ Insider