រដ្ឋតិចសាស់បញ្ជាឱ្យបិទទ្វារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការកើនឡើងនៃករណីកូវីដ១៩ ជាបន្តបន្ទាប់
រដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងផ្អាកការបើកសេដ្ឋកិច្ចឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ក្នុងរយៈពេលចុងក្រោយនេះ។ សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការឆ្លង ជាពិសេសនៅក្នុងរដ្ឋភាគខាងត្បូង និងខាងលិច។ នៅទីក្រុងហ៊ូស្តុនរដ្ឋតិចសាស់ ចំនួនអ្នកសម្រាកមន្ទីរពេទ្យត្រូវបានកើនឡើងស្ទើរតែ៣ដង ចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ បន្ទប់ ICU ក្នុងមជ្ឈមណ្ឌលមួយរបស់ក្រុងក៏ត្រូវបានបំពេញ ១០០% ខណៈពេទ្យកុមារត្រូវបើកឱ្យមនុស្សធំចូលមកសម្រាកដែរ។

អភិបាលរដ្ឋតិចសាស់លោក Greg Abbott កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្អាកជាបណ្តោះអាសន្ននៃការបើកដំណើរការជាថ្មី ហើយបានជំរុញឱ្យប្រជាជនចូលរួមជាផ្នែកមួយ ដើម្បីបន្ថយការរីករាលដាលនៃជំងឺ COVID-19 ដោយពាក់ម៉ាស់ និងលាងដៃឱ្យបានទៀងទាត់។ ទិន្នន័យរបស់សកលវិទ្យាល័យចនស៍ហបឃីនស៍បានបង្ហាញថា ចំនួនករណីថ្មីៗនៅសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងដល់ខ្ទង់ ៣០,០០០នាក់ ដែលចំនួននេះគឺប្រហែលដូចគ្នានឹងខែមេសាដែរ។
កាលពីថ្ងៃពុធមានករណីថ្មីចំនួន ៧,១៤៩ ត្រូវបានរាយការណ៍នៅរដ្ឋកាលីហ្វ័រញ៉ា ខណៈមាន ៥,៥៥១ រកឃើញនៅរដ្ឋតិចសាស់ និង ៥,៥០៨ នៅរដ្ឋផ្លរីដា។ រដ្ឋជាច្រើនដែលបានឃើញការកើនឡើងនូវករណី គឺជាក្រុមរដ្ឋដែលចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញមុនគេនោះឯង។ អ្នកជំនាញខ្លះកំពុងអំពាវនាវឱ្យរៀបផែនការឡើងវិញ ដើម្បីពិនិត្យឡើងវិញ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា ការឆ្លងអាចកើនឡើងនៅទូទាំងប្រទេស៕



អត្ថបទ៖ លីដា
ប្រភព៖ NHK