ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃជោគជ័យលើការវះកាត់អ្នកជំងឺ thalassemia ដោយប្រើខួរឆ្អឹងបរិច្ចាគពីអ្នកជំងឺកូវីដ១៩ ជាលើកដំបូងបំផុតក្នុងពិភពលោក

    BY autoadmin June 26, 2020
    ថៃជោគជ័យលើការវះកាត់អ្នកជំងឺ thalassemia ដោយប្រើខួរឆ្អឹងបរិច្ចាគពីអ្នកជំងឺកូវីដ១៩ ជាលើកដំបូងបំផុតក្នុងពិភពលោក

    តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានវះកាត់ដោយជោគជ័យ លើករណីអ្នកជំងឺតាឡាស់សេមី (thalassemia) ដែលទទួលការបរិច្ចាគខួរឆ្អឹងខ្នងពីអ្នកជំងឺ COVID-19 ។ វាពិតជារឿងមួយដ៏កម្រមានបំផុត និងជាលើកដំបូងបំផុតក្នុងពិភពលោក ហើយជាពិសេសគឺអ្នកជំងឺ thalassemia មិនមានឆ្លងជំងឺ COVID-19 ទៀតផង។

    ការវះកាត់នេះត្រូវបានធ្វើឡើងលើកុមារីម្នាក់ឈ្មោះថា Jintanakan Boonklomjit អាយុ ៧ឆ្នាំ ដែលមានជំងឺតាឡាស់សេមី ហើយអ្នកបរិច្ចាគឱ្យនាងតូចគឺប្អូនប្រុសរបស់នាងផ្ទាល់តែម្ដង ដែលមានអាយុ ៥ឆ្នាំ ឈ្មោះថា Sila Boonklomjit ដោយប្អូនប្រុសរបស់នាងតូចមានវិជ្ជមានកូវីដ១៩ផងដែរ ។ គួរឱ្យដឹងដែរថា ជំងឺតាឡាស់សេមី គឺជាជំងឺឈាមដែលរាងកាយរបស់អ្នកជំងឺមិនអាចផលិតប្រូតេអ៉ីនម៉្យាងឈ្មោះថា haemoglobin ហើយបន្ទាប់មកទៀតវាធ្វើឱ្យរាងកាយអ្នកជំងឺខ្វះគ្រាប់ឈាមក្រហម។

    ការពិតទៅកុមារី Jintanakan ក៏កំពុងត្រៀមខ្លួនទទួលយកកោសិកាថ្មីផងដែរ បន្ទាប់ពីនាងតូចបានទទួលការព្យាបាលគីមីដូចសព្វដង ក៏ប៉ុន្តែគួរឱ្យស្ដាយវាបានធ្វើឱ្យរាងកាយរបស់នាងតូចកាន់តែចុះខ្សោយ ព្រោះថាការទទួលការបរិច្ចាគដែលមិនមែនជាសាច់ឈាមឯង គឺមានឱកាសតិចតួចណាស់ក្នុងការជាសះស្បើយ ដោយអាចមានឱកាស ១ ក្នុង ២០,០០០ – ៥០,០០០ សំណាងប៉ុណ្ណោះ ដូច្នេះហើយទើបពួកគែត្រូវការកោសិកាពីប្អូនប្រុសរបស់នាង។

    ដោយជំនះការលំបាក ដោយសារកុមារា Sila Boonklomjit ជាប់នៅក្នុងការនៅដាច់ដោយឡែក ព្រោះគេមានជំងឺ COVID-19 នៅទីបំផុតពួកគេទទួលបានការវះកាត់ដោយជោគជ័យទាំងស្រុង ដោយកោសិកាដើមរបស់ Sila មិនមានដាននៃ COVID-19 ទាល់តែសោះ។ យ៉ាងណាមិញបន្ទាប់ពីបានឆ្លងកាត់ការវះកាត់នៅមន្ទីរពេទ្យ Ramathibodi កាលពីថ្ងៃអង្គារ បងប្អូនទាំង ២ នៅមិនទាន់មានការរាយការណ៍ពីផលប៉ះពាល់ណាមួយនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: