អង្គការសុខភាពពិភពលោកនិយាយថា ត្រូវការជំនួយទឹកប្រាក់ ១៨ ពាន់លានដុល្លារ ដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនត្រូវការថវិកាចំនួន ១៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍនិងចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 ។ ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan បានអំពាវនាវដល់រដ្ឋាភិបាលនិងអ្នកវិទ្យាសាស្ដ្រនៅជុំវិញពិភពលោក នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃសុក្រ។

លោកស្រី Soumya Swaminathan បាននិយាយថា បច្ចុប្បន្ននេះមានវ៉ាក់សាំងបេក្ខភាពជាង ២០០ កំពុងសាកល្បង ដោយមាន ១៥ ស្ថិតនៅដំណាក់កាលសាកល្បងព្យាបាល។ លោកស្រីបាននិយាយថា វាអាចចំណាយពេលពី ១២ ទៅ ១៨ខែ ដើម្បីអភិវឌ្ឍវ៉ាក់សាំងឱ្យរួចរាល់ ហើយថាវានឹងអាចធ្វើទៅបានលុះត្រាតែមានការសហការពីអ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនឱសថនៅជុំវិញពិភពលោក។
លោកស្រី Soumya Swaminathan បាននិយាយថា ប្រាក់ចំនួន ១៨.១ ពាន់លានដុល្លារ នឹងត្រូវការនៅចុងឆ្នាំក្រោយ ដោយថវិកាចំនួន ១១.៣ ពាន់លានដុល្លារ ត្រូវប្រើប្រាស់ក្នុងរយៈពេល៦ខែបន្ទាប់។ លោកស្រីបានបន្ថែមទៀតថា អង្គការសុខភាពពិភពលោកនឹងអាចចែកចាយថ្នាំចំនួន ២ ពាន់លានដូស នៅជុំវិញពិភពលោកដោយស្មើភាព រួមទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
នៅក្នុងខែមេសា អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានកត់សម្គាល់ថា វិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 នាពេលកន្លងមក មិនមែនអាចធ្វើបានសម្រាប់មនុស្សទាំងអស់នោះទេ។ គាត់បាននិយាយថា រឿងបែបនេះនឹងមិនអនុញ្ញាតឱ្យកើតឡើងនៅពេលនេះទៀតទេ៕




អត្ថបទ៖ លីដា
ប្រភព៖ NHK