ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយមានគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានឃាត់ខ្លួនពីឡុតបើកយន្តហោះជាង ១០០នាក់ ប្រើប័ណ្ណបើកបរយន្តហោះក្លែងក្លាយ

    BY autoadmin June 30, 2020
    ក្រោយមានគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានឃាត់ខ្លួនពីឡុតបើកយន្តហោះជាង ១០០នាក់ ប្រើប័ណ្ណបើកបរយន្តហោះក្លែងក្លាយ

    ប៉ាគីស្ថាន៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (Pakistan International Airlines) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ បានសម្រេចធ្វើការហាមឃាត់អ្នកបើកបរយន្តហោះប្រមាណ១៥០នាក់ (ប្រមាណ ១/៣ នៃចំនួនអ្នកបើកបរយន្តហោះសរុប) នៅក្នុងក្រុមហ៊ុន ដែលបានកាន់ប័ណ្ណបើកបរមិនច្បាស់លាស់ ឬប័ណ្ណបើកបរយន្តហោះក្លែងក្លាយ។ សូមបញ្ជាក់ថា ការសម្រេចត្រួតពិនិត្យឡើងវិញនូវប័ណ្ណបើកបររបស់អ្នកបើកយន្តហោះទាំងនោះ ហើយបានឈានដល់ការហាមឃាត់ពួកគាត់ដូចនេះក៏ព្រោះថា កាលពី ១ ខែមុន យន្តហោះ Airbus A320  របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿង បានធ្លាក់ព្រោះតែកំហុសរបស់អ្នកបើកបរយន្តហោះ។

    គេនៅចាំបានថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320 ដែលបានហោះទៅបុកដំបូលផ្ទះរបស់ប្រជាពលរដ្ឋធ្វើឲ្យយន្តហោះត្រូវផ្ទុះ និងបានសម្លាប់មនុស្សនៅលើយន្តហោះសរុបចំនួន ៩៨ នាក់។ បើយោងតាមលទ្ធផលនៃការស៊ើបអង្កេតដែលទើបរកឃើញកាលពីពេលថ្មីៗនេះបានបង្ហាញថា យន្តហោះបានធ្លាក់ព្រោះតែអ្នកបើកបររវល់តែជជែកគ្នារឿង ជំងឺរាតត្បាត COVID-19 រហូតមិនខ្វល់តាមគោលការណ៍នៃការចុះចតយន្តហោះ និងសញ្ញាព្រមាន ទើបបង្កឲ្យមានគ្រោះថ្នាក់តែម្តង។ សូមបញ្ជាក់ថា ក្រុមអ្នកបើកបរយន្តហោះដែលត្រូវហាមឃាត់មិនឲ្យធ្វើការបើកបរនោះមានចំនួន ១៥០ នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះសរុបចំនួន ៤៣៤ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cbsnews

    Share This Post: