អ៉ីរ៉ង់ចេញដីកាតាមចាប់លោក Donald Trump ជុំវិញការស្លាប់របស់លោក Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយក្នុងការតាមចាប់នេះ
អ៉ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួនគាត់ទៀតផង។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណរដ្ឋអ៉ីស្លាមបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលក្រុងតេអេរ៉ង់បានអំពាវនាវឱ្យមានការជូនដំណឹងបន្ទាន់អំពីអ្នកនយោបាយ និងយោធាអាមេរិកចំនួន ៣៦នាក់ រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។ រដ្ឋអាជ្ញាអ៉ីរ៉ង់លោក Qasi Mehr បាននិយាយថា ពួកគេទាំងនេះត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងអំពើភេរវកម្ម» ចំពោះការស្លាប់របស់លោក Qassem Soleimani ដោយការវាយប្រហារពីដ្រូនមីស៉ីលរបស់អាមេរិក នៅទីក្រុងបាកដាតកាលពីថ្ងៃទី០៣ ខែមករា ដើមឆ្នាំ២០២០។

ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចមានអំណាចទូលំទូលាយក្នុងបញ្ហាជម្លោះយោធាក្រោមរដ្ឋធម្មនុញ្ញ ប៉ុន្តែទោះយ៉ាងណាអ្នកជំនាញមួយចំនួននៅតែមានសំណួរថាវាត្រូវច្បាប់ឬទេ? សម្ព័ន្ធមិត្តអន្តរជាតិរបស់សហរដ្ឋអាមេរិក រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ក៏បានរិះគន់ទង្វើរបស់លោក ដូណាល់ ត្រាំ នៅពេលនោះផងដែរ ដោយទីក្រុងប៊ែកឡាំងបានព្រមានថា អាមេរិកប្រថុយនឹងគ្រោះថ្នាក់ដែលកាន់តែកើនឡើងនៅក្នុងតំបន់។ ប៉ុន្តែយ៉ាងណាក៏ដោយខាងអង្គការអន្តរជាតិ Interpol នៅមិនទាន់ឆ្លើយតបអ៉ីរ៉ង់ទេ ទោះបីអង្គការនេះមានសិទ្ធិក្នុងការមិនទទួលសំណើរបស់អ៉ីរ៉ង់ក៏ដោយ ខណៈអ្នកវិភាគក៏គិតថា Interpol នឹងមិនចូលដៃជាមួយអ៉ីរ៉ង់នោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ Business Insider