អន្តរជាតិ

ស្ត្រីម្នាក់ស្ទើរស្លាប់បាត់បង់ជីវិត ក្រោយប្រឹងស្រែកច្រៀងបទចម្រៀងមានតុងខ្ពស់ៗខ្លាំងពេករហូតធ្វើដាច់សរសៃឈាមក្នុងខួរក្បាលដួលសន្លប់ (មានវីដេអូ)

BY
autoadmin
June 30, 2020

ចិន៖ ស្ត្រីជាអ្នកស្រលាញ់សិល្បៈចម្រៀងម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយរូបគាត់ខំស្រែកច្រៀងបទចម្រៀងមានតុងខ្ពស់ៗខ្លាំងពេកនៅក្នុងបន្ទប់ខារ៉ាអូខេរហូតត្រូវដាច់សរសៃឈាមនៅក្នុងខួរក្បាល។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះថា Zhang ជាជនជាតិចិន មានអាយុ ៥៥ ឆ្នាំ។

ប្រភខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះរួមជាមួយនឹងក្រុមគ្រួសារបាននាំគ្នាទៅញ៉ាំអាហារ និងច្រៀងខារ៉ាអូខេលេងតាមទម្លាប់ចាស់របស់ពួកគាត់ ព្រោះជាធម្មតាស្ត្រីរងគ្រោះចូលចិត្តច្រៀងខារ៉ាអូខេខ្លាំងណាស់។

យ៉ាងណាក្តី​ នៅពេលស្ត្រីរងគ្រោះខំប្រឹងស្រែកច្រៀងបទចម្រៀង ដែលមានតុងខ្ពស់ខ្លាំងនោះ ស្រាប់តែគាត់មានអាការៈឈឺក្បាលយ៉ាងខ្លាំងនិងត្រូវដួលសន្លប់នៅក្នុងបន្ទប់ខារ៉ាអូខេមួយរំពេចតែម្តង។ ភ្លាមៗក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ខណៈខាងវេជ្ជបណ្ឌិតជំនាញបានរកឃើញថា មានសរសៃឈាមមួយក​ន្លែងនៅក្នុងខួរក្បាលរបស់ស្ត្រីរងគ្រោះបានធ្លាយក្នុងទំហំ ២,៥ មីលីម៉ែត្រ ហើយបញ្ហានេះគឺបណ្តាលមកពីស្រ្តីរងគ្រោះខំប្រឹងស្រែកច្រៀងខ្លាំងពេក។ វេជ្ជបណ្ឌិតបានប្រើប្រាស់ពេលប្រមាណជា ៤ ម៉ោងដើម្បីធ្វើការវះកាត់ស្រ្តីរងគ្រោះ ហើយពេលនេះគាត់បានរួចផុតពីសេចក្តីស្លាប់ហើយ តែត្រូវបន្តសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈសិន៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz

Share This Post: