ប្រទេសចិនបានចេញច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ហើយអ្នកដែលល្មើសអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត
ច្បាប់សន្តិសុខជាតិរបស់ប្រទេសចិនសម្រាប់ទីក្រុងហុងកុង បានចូលជាធរមានកាលពីថ្ងៃអង្គារម្សិលមិញនេះ ពោលគឺមុនមួយថ្ងៃនៃខួបលើកទី២៣ នៃការប្រគល់ទីក្រុងហុងកុងទៅឱ្យប្រទេសចិន ពីការគ្រប់គ្រងរបស់អង់គ្លេស ប៉ុន្តែស្ថិតក្រោមកិច្ចព្រមព្រៀងពិសេសមួយដែលការពារសេរីភាពមួយចំនួន។ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនបានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់នេះ ហើយរដ្ឋាភិបាលហុងកុងក៏បានប្រកាសថា ច្បាប់នេះចូលជាធរមាននៅម៉ោង ១១ និង ០០ យប់នៅថ្ងៃអង្គារ៏។

ច្បាប់នេះកំណត់នូវសកម្មភាពព្រហ្មទណ្ឌចំនួន ៤ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិដូចជា៖ ការធ្វើអបគមន៍ (ផ្ដាច់ខ្លួន), ការធ្វើវិទ្ធង្សនា (បង្ហិនបង្ហោច), ការបំពាន និង ការរៀបចំសកម្មភាពភេរវកម្មនិងការឃុបឃិតជាមួយប្រទេសក្រៅ ឬជាមួយធាតុខាងក្រៅ។ អ្នកដែលបំពានច្បាប់នេះនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។ ច្បាប់នេះក៏អនុញ្ញាតឱ្យអាជ្ញាធរចិនបង្កើតទីភ្នាក់ងារសន្តិសុខមួយនៅហុងកុងផងដែរ ក៏ដូចជាអនុវត្តចំពោះការស៊ើបអង្កេត ការកាត់ទោស និងការជំនុំជម្រះក្តី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK