រថយន្ត

រថយន្ត KIA K5 ស៊េរីឆ្នាំ2021 ដែលពីមុនឈ្មោះថា Optima ពេលនេះបានបង្ហាញមុខជាផ្លូវការហើយ

BY
autoadmin
July 2, 2020

ក្រុមហ៊ុន KIA បានបង្ហាញជាផ្លូវការនូវម៉ូដែល K5 យ៉ាងថ្មីសន្លាងស៊េរីឆ្នាំ2021 ហើយរថយន្តនេះដើមឡើយគឺមានឈ្មោះថា Optima ។ វាត្រូវបានគេរៀបរាប់ថាជារថយន្តតូច sedan ដែលមានថាមពលខ្លាំងបំផុត ដែល KIA ធ្លាប់បានផលិតឡើង ហើយហៅវាថា ជាការលោតផ្លោះរវាងជំនាន់មួយទៅជំនាន់មួយក្នុងប្រវត្តិសាស្ត្ររថយន្ត។ ពោលគឺរថយន្ត K5 ស៊េរីថ្មីនេះ បានធ្វើឡើងជាមួយមូលដ្ឋានថ្មី, ការរចនាថ្មី និង powertrains ថ្មីផងដែរ។

វាមានមូលដ្ឋានលើ KIA N3 ប៉ុន្តែរថយន្ត K5 ស៊េរីឆ្នាំ2021 គឺមានប្រវែងវែងជាង ហើយ wheelbase ក៏មានចន្លោះធំជាងដែរ។ បើប្រៀបនឹង Optima ស៊េរីមុនៗ រថយន្តនេះមានមាឌធំ និងទាបជាងមុន ដែលធ្វើឱ្យវាមើលទៅមុខកាច មើលទៅទំនងជិះមែនទែន។ វាមានមកទាំងប្រភេទ LX, LXS, GT-Line, EX និង GT ហើយពណ៌របស់ពួកវាក៏មាន effect ខុសៗគ្នា ខណៈម៉ាស៊ីន turbocharged របស់វាក៏មាន 2 ជម្រើសផ្សេងគ្នា។

ប្រភេទ LX, LXS, GT-Line និង EX បំពាក់ដោយម៉ាស៊ីនទំហំ 1.6លីត្រ កម្លាំង 180 សេះ និងកម្លាំងបង្វិល 195 ផោន-ហ្វីត អមដោយប្រអប់លេខស្វ័យប្រវត្តិ8វគ្គ។ ប្រភេទ GT បំពាក់ជាមួយម៉ាស៊ីនទំហំ 2.5លីត្រ ដែលខ្លាំងជាងគេបំផុតក្នុងចំណោមរថយន្ត sedan ក្រុមហ៊ុន KIA ធ្លាប់ផលិត។ វាមានកម្លាំង 290សេះ និងកម្លាំងបង្វិល 311 ផោន-ហ្វីត និងមានប្រអប់លេខស្វ័យប្រវត្តិ8វគ្គ (8-speed wet dual-clutch transmission)។

រថយន្តនេះទំនងចេញលក់ពេលចប់រដូវក្ដៅនៅអាមេរិក (ចុងខែកញ្ញា) ប៉ុន្តែចំពោះតម្លៃវាវិញ គឺមិនទាន់មានព័ត៌មានលម្អិតបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: