រថយន្ត

ក្រុមហ៊ុនផលិតរថយន្ត Volvo ប្រកាសហៅរថយន្តចំនួន ២.២ លានគ្រឿង ត្រឡប់មកវិញ ដើម្បីកែសម្រួលចំណុចខ្វះខាតនៅខ្សែក្រវ៉ាត់កៅអីមុខ

BY
autoadmin
July 3, 2020

ក្រុមហ៊ុនផលិតរថយន្ត Volvo បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងប្រកាសប្រមូលរថយន្តពីទូទាំងពិភពលោកជិត ២.២ លានគ្រឿង ដែលបានផលិតឡើងនៅចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាជាមួយនឹងខ្សែកាបភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់កៅអីខាងមុខរបស់ពួកគេ នៅក្នុងការហៅត្រឡប់មកវិញយ៉ាងធំដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន Volvo បាននិយាយថា ខ្លួននឹងទាក់ទងម្ចាស់រថយន្តដែលរងផលប៉ះពាល់ដូចជាពពួកម៉ូដែល V60, V70 និង XC60 ដោយស្នើសុំឱ្យម្ចាស់រថយន្តទាក់ទងទៅអ្នកលក់រាយរថយន្ត Volvo របស់ពួកគេ ដើម្បីឱ្យពួកគេទទួលការជួសជុលដោយមិនគិតថ្លៃ។

ក្រុមហ៊ុនផលិតរថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Geely របស់ប្រទេសចិនមួយនេះបាននិយាយថា ខ្លួនមិនទាន់បានទទួលរបាយការណ៍អំពីគ្រោះថ្នាក់ ឬការរងរបួស ដែលទាក់ទងនឹងគុណវិបត្តិនេះទេ ហើយការផ្លាស់ប្តូរនេះគឺជាការបង្ការមុន ដើម្បីចៀសវាងបញ្ហាដែលអាចកើតមាននាពេលអនាគត។ របាយការណ៍បាននិយាយថា៖«បញ្ហាគឺពាក់ព័ន្ធនឹងខ្សែដែកថែបភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់កៅអីខាងមុខ»។ ស្ថិតក្នុងកាលៈទេសៈដ៏កម្រ និងបូករួមអាកប្បកិរិយារបស់អ្នកប្រើប្រាស់ យូរៗទៅខ្សែកាបនេះអាចមានបញ្ហា ហើយនៅទីបំផុតវាអាចបណ្តាលឱ្យខូចខាតដល់ខ្សែកាប ដែលបណ្តាលឱ្យកាត់បន្ថយមុខងារខ្សែក្រវ៉ាត់កៅអី។ អ្នកនាំពាក្យក្រុមហ៊ុន Volvo បាននិយាយថា ក្រុមហ៊ុននឹងមិនធ្វើអត្ថាធិប្បាយលើថ្លៃដើមនៃការប្រមូលមកវិញទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: