ក្រុមហ៊ុន Daimler AG និយាយថា រថយន្តអគ្គិសនី Mercedes EQS ដំបូងបង្អស់របស់ខ្លួន នឹងអាចជិះបានចម្ងាយរហូតដល់ទៅ 700គីឡូម៉ែត្រ
- BY
- autoadmin
- July 20, 2020
លោក Ola Källenius ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៅក្រុមហ៊ុន Daimler AG បានបញ្ជាក់នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនថា គំនិតរថយន្តអគ្គិសនី Mercedes-Benz EQS ប្រភេទ Sedan នឹងអាចជិះក្នុងចម្ងាយរហូតដល់ទៅ ៧០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្ដង នៅពេលដែលវាចេញជាផលិតកម្មពិត។ លោកបានបញ្ជាក់បន្ថែមទៀតថា EQS នឹងជារថយន្តអគ្គិសនីពេញលេញ ដោយមិនមានការលាយឡំពីម៉ាស៊ីនសាំងដើម្បីទាញជាថាមពលអាគុយនោះទេ។
លោកបានមានប្រសាសន៍ថា៖«ឆ្នាំក្រោយយើងនឹងឈានចូលយុគសម័យថ្មីមួយសម្រាប់ Mercedes ទាក់ទងនឹងអគ្គិសនី។ EQS នឹងកំណត់ស្តង់ដារថ្មី។ បើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ វាយតម្លៃយោងទៅតាម WLTP ដែលវាជាចម្ងាយរាល់ពេលសាកអាគុយពេញម្ដង។ ជាមួយនឹង EQS, វិធីដែលយើងគិតអំពីរថយន្តនឹងផ្លាស់ប្តូរ។ វាជារថយន្តប្រណីតអគ្គិសនីពេញលេញដំបូងបង្អស់ពី Mercedes-Benz ដោយផ្អែកលើស្ថាបត្យកម្មអគ្គិសនីទាំងអស់។ នេះបើកលទ្ធភាពថ្មីទាំងស្រុង តាំងពីទីតាំងអាគុយដល់ការរចនារថយន្ត»។
ម៉ូដែល EQS នឹងនៅក្នុងលីកតែមួយដូចរថយន្ត Mercedes-Benz S-Class ទាក់ទងនឹងភាពប្រណីត ភាពងាយស្រួល និងសុវត្ថិភាព។ លោកបានពន្យល់បន្ថែមទៀតអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០៣៩ ដោយនិយាយថា៖«គោលដៅរបស់យើងគឺផ្តល់ជូននូវរថយន្ដថ្មី ក្នុងទម្រង់ជាអព្យាក្រឹតកាបោននៅត្រឹមឆ្នាំ២០៣៩។ តែជាដំបូងយើងផលិតរថយន្តអគ្គិសនីជាមុនសិន»។ Mercedes គ្រោងនឹងផ្តល់ជូនរថយន្តប្រភេទកូនកាត់ចំនួន ២០ម៉ូដែល និងរថយន្តអគ្គិសនីពេញលេញចំនួន ៥ម៉ូដែល នៅចុងឆ្នាំនេះផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ India Times
- Share This Post: