រថយន្ត

ក្រុមហ៊ុន Mazda នឹងចេញលក់រថយន្តដែលមានសមត្ថភាព អាចចាប់សញ្ញានៅពេលអ្នកបើកបរងងុយ ឬសន្លប់ ហើយរថយន្តនឹងរកកន្លែងឈប់ដោយស្វ័យប្រវត្តិ

BY
autoadmin
November 4, 2021

ក្រុមហ៊ុន Mazda Motor គ្រោងនឹងចាប់ផ្តើមលក់រថយន្ត ដែលមានសមត្ថភាពចាប់សញ្ញានៅពេលអ្នកបើកបរងងុយដេក ឬមានបញ្ហាសុខភាពភ្លាមៗ (ឬសន្លប់) ហើយរថយន្តនឹងឈប់ដោយស្វ័យប្រវត្តិ។ វាគឺជាប្រព័ន្ធថ្មីរបស់ Mazda ដែលត្រួតពិនិត្យអ្នកបើកបរតាមដានដោយចលនាភ្នែក និងទីតាំងក្បាល ជាមួយនឹងកាមេរ៉ាដែលបំពាក់នៅខាងក្នុងកាប៊ីន។ នៅពេលដែលវាដឹងថាអ្នកបើកបរងងុយដេក ឬសន្លប់ភ្លាមៗនោះ វានឹងជូនដំណឹងដល់អ្នកបើកបរដោយសំឡេងរោទិ៍។ ប្រសិនបើអ្នកបើកបរមិនឆ្លើយតបទេ ប្រព័ន្ធនឹងបើកស៊ីហ្លេ និងបញ្ចេញភ្លើងសញ្ញាគ្រោះថ្នាក់ ដើម្បីព្រមានយានជំនិះផ្សេងទៀត។

ក្នុងពេលជាមួយគ្នានោះដែរ ប្រព័ន្ធប្តូរទៅការបើកបរដោយស្វ័យភាព ដើម្បីបន្ថយល្បឿនរថយន្តបន្តិចម្តងៗ ហើយនាំឱ្យរថយន្តទៅរកកន្លែងឈប់។ ក្រុមហ៊ុន Honda Motor បានណែនាំប្រព័ន្ធស្រដៀងគ្នានេះរួចហើយ នៅក្នុងម៉ូដែលមួយចំនួនពីមុន ខណៈដែលក្រុមហ៊ុន Hino Motors របស់ប្រទេសជប៉ុន ក៏កំពុងចាប់ផ្តើមបំពាក់រថយន្តក្រុងរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាបែបនេះ។ ក្រុមហ៊ុន Mazda ក៏កំពុងបង្កើតប្រព័ន្ធមួយផ្សេងទៀត ដែលអាចរកឃើញសញ្ញាដំបូងនៃការសន្លប់របស់អ្នកបើក ដោយសិក្សាពីទិសដៅនៃការក្រឡេកភ្នែករបស់អ្នកបើកបរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: