កូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងបន្ថែម

BY
srey nuch
January 9, 2023

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខេមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រឆាំងជំងឺកូវីដ១៩ ។ ការអំពាវនាវរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជោគជ័យនៃការប្រយុទ្ធប្រឆាំងកូវីដ១៩ បើសិនជាមិនមានការចូលរួមពីប្រជាពលរដ្ឋទេនោះគឺយើងមិនអាចជោគជ័យបានទេ។ សម្ដេចតេជោអះអាងថា៖ «ដោយសារមានការគាំ ទ្ររបស់ប្រជាពលរដ្ឋទៅលើយុទ្ធសាស្ត្រទៅលើវិធានការទាំងឡាយដែលខ្ញុំបានដាក់ចេញរួមជាមួយនឹងក្រសួងសុខាភិបាលបានដាក់ចេញគឺត្រូវបានប្រជាពលរដ្ឋរបស់យើងទទួលស្វាគមន៍»។ សម្តេចតេជោបញ្ជាក់ថា មកដល់ពេលនេះការចាក់វ៉ាក់សាំងរបស់យើងមានភាពខ្ពស់ តែកុំភ្លេចយើងនៅតែបន្តសូមឱ្យប្រជាពលរដ្ឋរបស់យើងបង្កើតការយកចិត្តទុកដាក់បន្តទៀត។ ទន្ទឹមនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ ៣ការពារ ហើយចាក់វ៉ាក់សាំងបន្តទៀតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា៖ «មិនដឹងថា អា កូវីដ១៩ វានឹងប្រែក្លាយទៅជាមេរោគអ្វីទៀតនោះទេ។ អីចឹងទេបានជាចាំបាច់ត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងដើម្បីទទួលយកនូវវ៉ាក់សាំងជាបន្តទៀត ព្រោះបញ្ហានេះកុំឱ្យដល់ពេលសង្គ្រោះមិនបានទើបមានការស្ដាយក្រោយ»។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «យើងមិនខ្វះវ៉ាក់សាំងទេយើងមាននៅក្នុងឃ្លាំងប្រមាណ៧ លានដូស និងការបញ្ជាទិញពីមិត្តចិនមាន ២០លានដូសទៀត មិនទាន់ដឹកចូល ហើយវ៉ាក់សាំងរបស់មិត្តចិនមានឌីលេវារយៈពេល ៣ ឆ្នាំ» ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: