កូវីដ-១៩

អង្គការសុខភាពពិភពលោក បញ្ជាក់ថាមនុស្ស ៥នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសតង់ហ្សានី ដោយសារជំងឺបង្កនៃមេរោគ Marburg

BY
srey nuch
March 22, 2023

យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២២ ខែមីនា ឆ្ណាំ២០២៣ បានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ០៥នាក់បានបាត់បង់ជីវិត នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ។

រោគសញ្ញារួមមាន ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម ស្រដៀងជំងឺ Ebola ។ WHO បាននិយាយថា “៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានបាត់បង់ជីវិត ហើយ ៣ នាក់ទៀតកំពុងទទួលការព្យាបាល” ។ អ្នកប៉ះពាល់សរុបចំនួន ១៦១នាក់ត្រូវបានកំណត់អត្តសញ្ញាណ និងកំពុងតាមដានសុខភាព។

WHO បាននិយាយថា ខ្លួនកំពុងគាំទ្រដល់ក្រសួងសុខាភិបាលរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយក្រុមឆ្លើយតបបន្ទាន់ទៅកាន់ Kagera ដើម្បីធ្វើការអង្កេតរោគរាតត្បាតបន្ថែមទៀត។ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលមេរោគនេះនៅឡើយទេ។

មេរោគនេះត្រូវបានចម្លងទៅមនុស្សពីប្រចៀវផ្លែឈើនៅអាហ្រ្វិក ហើយរីករាលដាលក្នុងចំណោមមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គបុគ្គលដែលមានមេរោគ លើផ្ទៃ និងសម្ភារ។ ករណីសង្ស័យ៖ បុគ្គលដែលមានរោគសញ្ញា ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម និងមានប្រវត្តិមកពីប្រទេសអាហ្វ្រិក ជាពិសេសប្រទេស តង់ហ្សានី ក្នុងកំឡុងពេល ២១ថ្ងៃមុន។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

Share This Post: