PR

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការជើងហោះហើរថ្មីរវាងភ្នំពេញ និងប៉េកាំង

BY
Liny Chan
March 6, 2023

ភ្នំពេញ- ចាប់ពីថ្ងៃទី27 ខែមីនា ឆ្នាំ2023 តទៅ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការ ជើងហោះហើរត្រង់ រវាង រាជធានី ភ្នំពេញ នៃ ប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង មករវាង ប្រទេសកម្ពុជា និងប្រទេសចិន។

ការបើកដំណើរការជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថា នឹងរឹតបន្តឹងទំនាក់ទំនងមុខជំនួញ ការវិនិយោគ វប្បធម៌ និងទេសចរណ៍របស់ទីក្រុងទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើង។

ភ្នំពេញ គឹជារាជធានីនៃប្រទេសកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ផងដែរ។ ទោះបីជាទីក្រុង នេះមានភាពអ៊ូរអរ និងមមាញឹកបន្តិចមែន ប៉ុន្តែវាក៏មានភាពទាក់ទាញមួយបែប។ អ្នកដំណើរនឹងឃើញពីភាពស្រស់ស្អាតនៃការលាយចូលគ្នារវាងទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ និងអាគារទំនើបស៊ីវិល័យ។ ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរដោយការទទួលទានមុខម្ហូបប្រពៃណីខ្មែរ ទស្សនាល្ខោន និងរបាំខ្មែរ ព្រមទាំងដើរកំសាន្តតាមទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ រត្តភ្នំ មាត់ទន្លេជាដើម។ ខណៈពេលនោះដែរ ពួកគេក៏អាចជ្រើសរើសយកការបរិភោគអាហារបែបប្រណិត បន្ធូរភាពតានតឹងជាមួយការស្ប៉ា និងម៉ាស្សា ដើរទិញទំនិញម៉ាកល្បីៗ ព្រមទាំងស្នាក់នៅសណ្ឋាគារប្រណិតៗលំដាប់ខ្ពស់ផងដែរ។

ប៉េកាំងគឺជារដ្ឋធានី ជាទីបណ្តុំនៃសេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ការអប់រំ ព្រមទាំងជាមជ្ឈមណ្ឌលនៃការទំនាក់ទំនង និង ពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេសចិនផងដែរ។ ជារៀងរាល់ឆ្នាំ ទីក្រុងប៉េកាំងបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍រាប់សិបលាននាក់ពីជុំវិញពិភពលោក ដោយ សារ តែការរួមបញ្ចូលគ្នាយ៉ាងល្អនៃវប្បធម៌ អរិយធម៌បុរាណដ៏សម្បូរបែប និងការអភិវឌ្ឍដ៏ជឿនលឿននៃទីក្រុងនេះ ។ កន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង រួមមានមហាកំផែងនៃប្រទេសចិន ទីក្រុងហាមឃាត់ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ នឹងផ្តល់កាលវិភាគនៃការហោះហើរ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ រហូតដល់ ថ្ងៃ ទី 14 ខែមេសា ឆ្នាំ2023 ហើយ នឹងបន្តបន្ថែមកាលវិភាគនៃការហោះហើររហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និង អាទិត្យ ចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023តទៅ។ ជើងហោះហើរ KR991 នឹង ចាកចេញ ពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅ ម៉ោង 7:50 នាទីព្រឹក ហើយ ចុះ ចត នៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30 នាទី រសៀល ខណៈពេល ដែល ជើង ហោះ ហើ រ ត្រឡប់មកវិញ KR992 នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30 នាទី រសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុង ស្រុក)។ ជើងហោះហើរនេះ នឹងមាន ការចូលរួម ដំណើរ ពី សំណាក់ អ្នកតំណាង របស់ក្រុមហ៊ុន អាកាស ចរណ៍ ខេមបូឌា អ៊ែរវ៉េ និងទទួលស្វាគមន៍ដោយព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីង។

ជើងហោះហើរថ្មីនេះដែរ នឹងត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និង ថ្នា ក់សេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថាខេមបូឌា អ៊ែរវ៉េ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដំបូងបង្អស់ដែលផ្តល់ជូនសេវាកម្មថ្នាក់ធុរកិច្ចដែលរួមបញ្ចូលនូវសេវាកម្មបន្ទប់សម្រាប់ អង្គុយរងចាំ (VIP Lounge) អាទិភាពសម្រាប់ ដំណើរការនៃការឆែកឯកសារ អាទិភាព សម្រាប់ការឡើងយន្តហោះ ទទួលបានភេសជ្ជៈស្វាគមន៍នៅលើយន្តហោះ អាហារស្តង់ដារថ្នាក់ធុរកិច្ច ការអនុញ្ញាតទម្ងន់អីវ៉ាន់ check-in រហូត ដល់ ៤០គីឡូក្រាម ព្រមទាំងអាទិភាពសម្រាប់ការទទួលអីវ៉ាន់ពេលចុះពីយន្តហោះផងដែរ។

ស្វាគមន៍មកកាន់ការហោះហើរជាលើកដំបូងរបស់ជើងហោះហើរ ភ្នំពេញ -ប៉េកាំង ដោយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុករបស់ប្រទេសកម្ពុជា!

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
កញ្ញា ទេពសេដ្ឋា ពនិតា បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
លេខទូរស័ព្ទ៖ +855 93 434 879
អ៊ីមែល៖ teppeaknita@cambodia-airways.com
គេហទំព័រ៖ www.cambodia-airways.com

Share This Post: