SEA GAMES

ឧកញ៉ា ស្រី ចាន់ថន ប្រាប់ពីមូលហេតុ ដែលក្រុមការងាររចនាខ្សែក្រវ៉ាត់សម្រេចចិត្តដាក់នាគក្បាល៧នៅលើពាក្យ «គុនខ្មែរ» នៅចំកណ្តាលខ្សែក្រវ៉ាត់

BY
srey nuch
March 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបញ្ជាក់ពីមូលហេតុ ដែលក្រុមការងាររចនាខ្សែក្រវ៉ាត់សម្រេចចិត្តដាក់នាគក្បាល៧នៅលើពាក្យ «គុនខ្មែរ» នៅចំកណ្តាលខ្សែក្រវ៉ាត់។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរ និងបញ្ជាក់យ៉ាងដូច្នេះថា៖ « សួស្តីបងប្អូននេះគឺជាមូលហេតុដែលក្រុមការងាររចនាខ្សែក្រវ៉ាត់សម្រេចចិត្តដាក់នាគក្បាល៧នៅលើពាក្យ គុនខ្មែរ ហើយនៅចំកណ្តាលខ្សែក្រវ៉ាត់ទៅទៀតនោះ ដោយសារថា៖ នាគក្បាល៧តំណាងឲ្យ៧ថ្ងៃ និងតំណាងឲ្យមហិទ្ធិឬទ្ធិខ្លាំងពូកែ នាគក្បាល៧គឺជាអ្នកទ្រទ្រង់ អ្នកការពារ។ នាគមានតួនាទីទ្រទ្រង់ភពផែនដីទាំងមូល ដូច្នេះអត្ថន័យនៅទីនេះគឺនាគក្បាល៧នេះទ្រទ្រង់ថែរក្សាការពារគុនខែ្មរ។ នាគនៅទីនេះគឺជាស្តេចនាគវ័ន្ត។ នាគវ័ន្តគឺជានាគដែលមានកម្លាំងខ្លាំងខ្លាអាចព្រួសភ្លើងបាន ប្រៀបបានដូចកីឡាករគុនខ្មែររបស់យើងមានកម្លាំងខ្លាំងដើម្បីយកឈ្នះគូប្រកួតនៅលើសង្វ្រៀន។ មួយវិញទៀតនាគបើកវែក គឺបង្ហាញនៅមហិទ្ធិឬទ្ធិខ្លាំងខ្លាមិនខ្លាចនរណានោះទេ។ »

ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែមទៀតថា៖ « ម្យ៉ាងវិញទៀត បើកាលណានាគបើកវែកបែបនេះមានន័យថា ជាម្លប់សម្រាប់ការពារអ្វីមួយ។ ដូច្នេះយើងដាក់គុនខ្មែរនៅពីក្រោយនាគ គឺមានអត្ថន័យថានាគកំពុងតែថែរក្សាការពារគុនខ្មែររបស់យើងមិនឲ្យនរណាម្នាក់ធ្វើអ្វីមួយមិនល្អមកកាន់គុនខ្មែរបានឡើយ។ ស្របពេលជាមួយគ្នាស្តេចនាគមិនត្រឹមតែការពារថែរក្សាតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏នឹងកម្ចាត់ជនទុច្ចរិតណាម្នាក់ដែលចង់មកឈ្លានពានគុនខ្មែររបស់យើងផងដែរ។ ហើយការពារទៀតសោតគឺមិនមែនការពារតែមួយថ្ងៃនោះទេ ប៉ុន្តែការពារគុនខ្មែរជានិរន្ត៍តែម្តង » ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: