សិល្បៈ

ចូលរួមរំលែកទុក្ខ! សិល្បករជើងចាស់លោកគន់ តារាវណ្ណ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ

BY
srey nuch
April 11, 2023

រាជធានីភ្នំពេញ៖ សិល្បករជើងចាស់ លោកគន់ តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូប ហើយក៏ជាមន្រ្តីរាជការផងដែរនោះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២៖៣០នាទីរសៀល លោកគន់ តារាវណ្ណ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ SCN បានឱ្យដឹងថា៖« អតីតតារាសម្ដែងដែលភាគច្រើនដើរជាស្ដេច ជាឪពុក និងសេដ្ឋីលោក គន់ តារាវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលប្រមាណជា ១ឆ្នាំមកហើយ ដោយពុំមានដំណឹងលេចលឺសោះឡើយ។ ទើបតែពីប៉ុន្មានខែកន្លងទៅនេះ មហាជន និងសិល្បករពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញសភាពដ៏ទ្រុឌទ្រោមរបស់លោកនៅលើបណ្ដាញសង្គម។

តាមរយៈកិច្ចសម្ភាសន៍មួយជាមួយអតីតតារាសម្ដែងលោក គន់ តារាវណ្ណ បានឱ្យដឹងថា រយៈពេលដែលលោកស្ងប់ពីអាជីពសិល្បៈគឺដោយសារតែមានជំងឺម្យ៉ាងហៅថាស្ទះទងប្រម៉ាត់ ដែលធ្វើឱ្យលោកមានអាការៈលឿងដៃលឿងជើង កម្លាំងចុះស្រុតទ្រុឌទ្រោម និងថែមទាំងរមាស់ពេញខ្លួនបង្កភាពលំបាកយ៉ាងខ្លាំងក្នុងការរស់នៅ។ លោកក៏បានរកការព្យាបាលជាច្រើនមន្ទីរពេទ្យផងដែរ ប៉ុន្តែដោយមើលឃើញពីអាការៈជំងឺកាន់តែវិវត្តន៍ធ្ងន់ធ្ងរលោកក៏បានសម្រេចចិត្តវះកាត់ដើម្បីជីវិតចុងក្រោយរបស់លោក ។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក គន់ តារាវណ្ណ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ »

បើយោងតាមការបង្ហោះរបស់ សមាគមសិល្បករខ្មែរ បានប្រាប់ពីទីតាំងតម្កល់ធ្វើបុណ្យសព ដែលស្ថិតនៅវត្តទួល លេខទំនាក់ទំនងក្រុមគ្រួសារសព 012 649 649 ៕

Share This Post: