សិល្បៈ

អ្នកសិល្បៈ និងមហាជន បង្ហោះសារគាំទ្រ ចង់ឱ្យអ្នកនាង ខាត់ សុឃីម ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ក្នុងអាណត្តិថ្មី

BY
Naren
February 16, 2024

(ភ្នំពេញ)៖ ក្រោយពេលដែលអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថាសមាគមនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅពេលឆាប់ៗខាងមុខនេះ ក៏មានការលើកឡើងថាសិល្បករ សិល្បការិនីរូបណា ស័ក្តិសមឈរឈ្មោះធ្វើជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ។

ហើយនាពេលថ្មីៗនេះ ក៏មានការបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ទាំងសិល្បករ សិល្បការិនី និងសាធារណជន ដោយគាំទ្រ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ។ មហាជនបានភ្ជាប់ជាមួយនឹងមូលហេតុជាច្រើនក្នុងការគាំទ្រអ្នកនាង ខាត់ សុឃីម ក៏ព្រោះតែតារាជើងចាស់រូបនេះ មានគុណសម្បត្តិជាច្រើនដូចជា ស្រលាញ់រាប់អានស្មើៗគ្នាមិនលំអៀង មានចិត្តអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ មានសមត្ថភាព បទពិសោធន៍ជាច្រើនឆ្នាំលើជំនាញសិល្បៈច្រើនទម្រង់។

យ៉ាងណាមិញទោះមានការបង្ហោះគាំទ្រជាបន្តបន្ទាប់ អ្នកនាង ខាត់ សុឃីម ក៏មិនទាន់ចេញមុខក្នុងការបង្ហាញថាចង់ឈរឈ្មោះធ្វើជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរនៅឡើយទេ។

សូមរំលឹកថាបន្ទាប់ពីខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីអាណត្តិមុនកន្លងទៅ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អ្នកនាង ចន ច័ន្ទលក្ខិណា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅពេលឆាប់ៗខាងមុខនេះ ហើយសមាគមក៏បានបើកឱកាស ដល់សិល្បករ-សិល្បការិនីរៀមច្បង ដែលមានបំណងចង់ធ្វើប្រធានថ្មី ដើម្បីបានឈរឈ្មោះបោះឆ្នោត និងទទួលបានសំឡេង ពីសមាជិករបស់ខ្លួន ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងឆ្នាំនេះ៕

Share This Post: