សិល្បៈ

អ្នកនាង ថន ថាណែត តួឯកស្រីក្នុងរឿង “Tenement – អ្នកស្នងអគារ” លេចវត្តមានក្នុងកម្មវិធីធំមួយរបស់មហោស្រពអន្តរជាតិនៅប្រទេសហូឡង់

BY
Liny Chan
February 1, 2024

តារាសម្ដែងស្រីល្បីឈ្មោះ ថន ថាណែត ដែលគ្រប់គ្នាតែងឃើញសម្ដែងនៅក្នុងរឿងកុនធំៗ បែបហូលីវូដ ថ្មីៗនេះបានលេចវត្តមាននៅក្នុងកម្មវិធីដ៏ធំលំដាប់អន្តរជាតិមួយ នៅក្នុងរដ្ឋ Rotterdam នាប្រទេសហូឡង់​។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ ខ្មែរណូត អ្នកនាង ថន ថាណែត បានបង្ហាញអារម្មណ៍រំភើប ដែលអ្នកនាង បានបោះជំហានទៅក្នុងកម្មវិធីធំលំដាប់អន្តរជាតិជាថ្មីម្ដងទៀត ក្នុងនាមជាតួឯកនៅក្នុងខ្សែភាពយន្តរឿង “Tenement – អ្នកស្នងអគារ” របស់ផលិតកម្ម កង​​ចក្រ​ភី​ច​ឈ័​រ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមការប្រកួតក្នុងកម្មវិធី “Big Screen” នៅមហោស្រពអន្តរជាតិ International Film Festival Rotterdam – IFFR នាប្រទេសហូឡង់នោះ។

តួឯកស្រី រូបនេះបានឱ្យដឹងថា នេះជាលើកទី៤ ហើយ ដែលអ្នកនាងបានឈរនៅលើឆាកអន្តរជាតិ ពោលគឺអ្នកនាងធ្លាប់បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តខាតធំ បែបហូលីវូដ ក្នុងនោះរួមមាន​ខ្សែភាពយន្តរបស់លោកស្រី Angelina Julie ខ្សែភាពយន្តរបស់បារាំង ដែលថតបង្ហាញពីសម័យអាណានិគមនិយមបារាំង រួមទាំងខ្សែភាពយន្តល្បីៗជាច្រើនទៀត។ ដោយឡែក សម្រាប់ការសម្ដែងនៅក្នុងខ្សែភាពយន្ត “Tenement – អ្នកស្នងអគារ” គឺជាជោគជ័យថ្មី ដែលអ្នកនាង សម្រេចបាននាពេលថ្មីៗនេះ ដោយសារតែខ្សែភាពយន្តនេះ បានចាប់ផ្ដើមថតកាលពីឆ្នាំ២០២០ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ក៏ត្រូវផ្អាកការថត ហើយចាប់ផ្ដើមថតឡើងវិញនៅក្នុងឆ្នាំ២០២១ រហូតបញ្ចប់នាពេលថ្មីៗនេះ ដោយចំណាយពេលរហូតដល់ទៅ ៤ឆ្នាំ។

ជាមួយគ្នានេះដែរ អ្នកនាង ថន ថាណែត បានឱ្យដឹងទៀតថា បើទោះបីជាអ្នកនាង មានបទពិសោធន៍ក្នុងការសម្ដែងរឿងខ្នាតធំ និងលំដាប់បរទេសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅក្នុងរឿង “Tenement – អ្នកស្នងអគារ” មិនមានភាពងាយស្រួលប៉ុន្មាននោះទេ ដោយសារតែអ្នកនាងត្រូវសម្ដែងរួមគ្នាជាមួយនឹង តួឯកប្រុស ដែលជាជនជាតិជប៉ុន ដែលតម្រូវឱ្យសម្ដែងដោយប្រើភាសាខ្មែរផង និងជប៉ុនផង។ លើសពីនេះទៀត ប្លង់ថតនីមួយៗ ត្រូវបានសម្រិតសម្រាំងគុណភាពយ៉ាងខ្លាំង រហូតដល់តម្រូវឱ្យទៅថតផ្ទាល់ នៅទីក្រុង តូក្យូ ប្រទេសជប៉ុនទៀតផង។

តាមរយៈភាពជោគជ័យថ្មីៗនេះ អ្នកនាង ថន ថាណែត បានបង្ហាញអារម្មណ៍រំភើបនៅពេលដែលកុនខ្មែរនាពេលបច្ចុប្បន្ននេះ មានភាពជឿនលឿន និងទំនើប ទាំងបច្ចេកទេសថត សម្ភារ និងស្នាដៃនិពន្ធ និងដឹកនាំ មិនចាញ់បរទេស ហើយអ្នកនាង បង្ហាញក្ដីសង្ឃឹមថា ចង់ឃើញ ស្នាដៃផលិតកុនខ្មែរ និងកុនខ្មែរល្អៗ ជាច្រើនបន្តបន្ទាប់ទៀត ឈរជើងនៅលើឆាកអន្តរជាតិ និងល្បីល្បាញទូទាំងពិភពលោក៕

Share This Post: