សិល្បៈ

តារាច្រៀង អីណូ ទប់លែងជាប់ប្រកាសថាខ្លួនជំពាក់បំណុលគេសរុបជាង ១០ម៉ឺនដុល្លារ និងស្នើឱ្យម្ចាស់បំណុលយោគយល់

BY
srey nuch
March 17, 2024

រាជធានីភ្នំពេញ៖ តារាច្រៀងលោក អីណូ ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងសម្បូរដោយវោហារ កំប្លែងស្ងួត ស្ថិតនៅក្នុងទ្រនុងសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយនោះ កាលពីព្រឹកមិញនេះលោកបានប្រកាសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ថា លោកអស់ពីខ្លួនហើយ និងប្រកាសក្ស័យធនជំពាក់បំណុលគេសរុបជាង ១០ម៉ឺនដុល្លារ និងស្នើឱ្យម្ចាស់បំណុលយោគយល់ ដោយសងតែដើមបានហើយ លោកគឺមិនគេចវេសទេ។

តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អីណូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈប់លាក់ហើយខ្ញុំទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់អោយជិត ១៨ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាស់គេហើយ ពេលមានបានខ្ញុំមិនដែលអួតអាងអីទេ ខ្ញុំតែងតែជួយគេ តែហេតុអ្វីឥឡូវខ្ញុំមានកម្មពារបែបនេះ។ សុំគោរពសុំម្ចាស់បំណុលដែលខ្ញុំបានជំពាក់សរុបចូលគ្នា ១០ម៉ឺនដុល្លារជាង សូមគិតតែដើមខ្ញុំបានហើយខ្ញុំមិនបានគេចវេសទៅណាទេខ្ញុំនៅតែមានទំនួលខុសត្រូវនិងគុណធម៌ ហើយសុំពេលបន្តិច រីឯថ្ងៃទី១៧ ខែមីនានេះ ៣ម៉ឺនដុល្លារ ការ2400ដុល្លារ ខ្ញុំរកអត់ទាន់ទេតើខ្ញុំត្រូវធ្វើដូចម្តេច?»

លោក អីណូ បានបន្ថែមទៀតថា៖ «លោកពុកទាហានពិការចូលនិវត្តន៍ កំពុងឈឺជម្ងឺប្រចាំកាយ អ្នកម្តាយគ្រូបង្រៀនចូលនិវត្តន៍ចាស់ៗអស់ហើយ ផ្ទះពួកគាត់ក៏ត្រូវជាប់ធានាគារបង់គេយឺតរហូត អោយខ្ញុំត្រូវធ្វើបែបណា វាជាកំហុសរបស់ខ្ញុំ។»

លោក អីណូ បានឱ្យដឹងពីមូលហេតុដែលធ្វើឱ្យលោកផុងខ្លួន ជំពាក់បំណុងគេវ័នក ក៏ព្រោះតែលោកបានទៅ កម្ចីលុយOnlineចិន លោកបានរៀបរាប់ថា៖ «រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីក្ស័យធនការងាររកស៊ីខ្លាំងចាប់តាំងពីកូវីដរហូតមកដល់សេដ្ឋកិច្ចធ្លាក់មកនេះ ដោយមិនមែនយកទៅលែងល្បែងអីទេខ្ញុំហ៊ានស្បថខ្ញុំបានលាក់បាំងរហូត ធ្វើអោយលោកពុកអ្នកម្តាយធ្លាក់ខ្លួនឈឺ ដោយសារតែកូនជាប់បំណុលគេច្រើនលាក់បាំងគេប្រឹងសើចប្រឹងច្រៀងលើឆាកប្រឹងឆ្កួតប្រឹងជា ប្រឹងលក់ដូរអោយគេដើម្បីសងបំណុលរាល់ថ្ងៃ ធ្លាក់ខ្លួនមកនៅផ្ទះជួល រកខនសឺតបានមួយសូរៗពីភាពល្បីល្បាញខ្លួន ដែលពុកម៉ែបងប្អូនបានផ្តល់អោយបានមកទប់តែបំណុលបង់គេប្រចាំថ្ងៃ ពេលខ្លះគេងអត់បាយទៀតក៏មាន អស់នាក់រាប់រកក្បែរខ្លួន ធ្វើអោយហ៊ានជ្រុលខ្លួនហ៊ានទៅខ្ចីកម្ចីលុយរាប់លុយឈររឺលុយខែ ដែលមានការថ្លៃៗមកទប់បំណុលការរកស៊ីដែលបានក្ស័យធន និងទប់បំណុលគេ សងគេមិនទាន់ខ្លាចគេផុសរូប ខ្លាចខ្មាស់គេ ខ្លាចគេខឹង ខ្លាចគេប្តឹង ហ៊ានប្រថុយខ្លួនទៅកម្ចីOnlineចិនថែមទៀតដឹងហើយលឺហើយថាមិនល្អ តែគេឆាតទាក់ទាញអារម្មណ៍ខ្ញុំតាមTelegramធ្វើអោយខ្ញុំខ្វះអ្នកប្រឹក្សាយោបល់ ហ៊ានទៅខ្ចី កម្ចីonlineចិន ដែលមានការច្រើនជាងពាក់កណ្តាល ទៅទប់បំណុលពីម្ចាស់បំណុលមួយទៅម្ចាស់បំណុលមួយរហូតកើតជាកូនតគ្នា តែខ្ញុំមិនបានខឹងម្ចាស់បំណុលទាំងអស់នោះទេ អរគុណដែលគេអោយខ្ញុំខ្ចី ដោយសារគេមានទំនុកចិត្តពីភាពល្បីល្បាញខ្លួនឯង តែដោយសារ គេមិនដឹងថាខ្ញុំកំពុងពិបាកខ្លាំងដើម្បីយកសងគេតៗគ្នា។»

តាមរយៈការបង្ហោះនេះ លោក អីណូ បានបន្ថែមថា៖ «ខ្ញុំផុសរៀបរាប់ទាំងទៀបភ្លឺនេះ ដោយសារខ្ញុំទប់លែងជាប់ហើយ ពេលខ្លះសងគេរៀងរាល់ប្រចាំថ្ងៃអស់ ១ថ្ងៃជិតមួយពាន់ទៅមួយពាន់ជាង តែរយៈពេលចុងក្រោយនេះខ្ញុំអស់ពីខ្លួនអស់អ្វីៗទាំងអស់ អស់សមត្ថភាពហើយ។ ពេលខ្លះសងគេប្រចាំខែអស់ អស់លុយរលីងសូម្បីតែ ១ដុល្លារក៏គ្មានដែរ ពេលខ្លះបង់ផ្ទះជួលគេយឺត គេយកសោរមកចាក់មិនអោយចូលពីក្រៅក៏មាន ចឹងខ្ញុំសូមសំពះអោយម្ចាស់បំណុលដែលបានឃើញខ្ញុំផុស ជួយអាណិតខ្ញុំ អោយខ្ញុំសងតែដើមបានហើយ ហើយសុំពេលបន្តិច ឈប់ជេដៀលខ្ញុំគំរាមខ្ញុំទៀតទៅខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្ញុំមិនបានគេចវេសទេ ខ្ញុំប្រឹងលក់កំព្យូទ័រ ប្រឹងលក់ទូរស័ព្ទអោយគេ ប្រឹងទៅច្រៀងទម្លាក់ទាំងតម្លៃខ្លួនទៀត ដើម្បីសងបងបងហើយ។ »

លោក អីណូ បានស្នើសុំឱ្យម្ចាស់ Events ម្ចាស់ខនសឺត ម្ចាស់ផលិតផលផ្សេងៗ និងពុកម៉ែបងប្អូន ឃើញហើយកុំខឹង កុំស្អប់ សូមនៅតែគាំទ្រ នៅតែស្រលាញ់ ផ្តល់ការងារអោយលោកធ្វើបន្តផង ព្រោះថា លោកទប់លែងជាប់ហើយថ្ងៃនេះ លោកហ៊ានផុសដោយលែងខ្មាសអៀន លោកអស់អ្វីៗពីខ្លួនហើយ សល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនបានផ្តល់អោយនោះទេ។

លោក អីណូ បានបញ្ជាក់ថា៖ «ខ្ញុំចង់រស់ឡើងវិញ ជួយខ្ញុំផង សូម្បីស្បែកជើងខោអាវ គេឃើញខ្ញុំពាក់ដ៏ដែល ដោយសារខ្ញុំគ្មានលុយក្នុងការទិញ យកមកឆ្នៃពាក់ដ៏ដែរ សុំកុំជាន់ពន្លិចខ្ញុំអី គ្មានអ្នកណាចង់ជំពាក់គេទេ។ សុំទោសលោកពុកអ្នកម្តាយ ដែលកូនប្រុសម្នាក់នេះ ធ្វើមិនបានល្អ សុំទោសហ្វេនៗ និងពុកម៉ែបងប្អូន ដែលខ្ញុំលាក់បាំង និងកំសាកយ៉ាងនេះ ខ្ញុំអស់ពីខ្លួនហើយ ៕ »

ប្រភព៖ ENO អីណូ

Share This Post: