SEA GAMES

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទកភាពចំពោះការខិតខំប្រកួតរបស់កីឡាករ-កីឡាការិនីកម្ពុជារហូតទទួលបានមេដាយមាសជាច្រើន

BY
srey nuch
May 15, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន បង្ហាញមោទកភាពចំពោះការខិតខំប្រកួតរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីទទួលបាននូវមេដាយ មាសជាច្រើន ធ្វើឱ្យកម្ពុជាឈាន ឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់ ខណៈប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិ ក្នុងឱកាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញា បត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣២នេះ។

សម្តេចតេជោបានឱ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ ផ្ទះប្រកួតកីឡាស៊ីហ្គេមដ៏ជោគជ័យ ខណៈកម្ពុជាមិនមែនគិតតែរឿងឈ្នះ ចាញ់ជ្រុលហួសហេតុនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាគិតធំបំផុតនោះគឺ ការធ្វើជាម្ចាស់ផ្ទះដែលផ្តល់ទៅកាន់ភ្ញៀវដែលមកប្រទេសកម្ពុជា ទទួលបានសេចក្តីសុខ និងការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចបន្ថែមថា មនុស្សប្រមាណជាង៨០ភាគរយ មានអារម្មណ៍ក្ដុកក្ដួលនៅពេលដែលឃើញព្រឹត្ដិការណ៍ដ៏អស្ចារ្យក្នុងការបើកស៊ីហ្គេម ដោយមានអ្នកខ្លះស្រក់ទឹកភ្នែក ដោយសារមោទនភាពជាតិ ហើយនេះក៏មិនមែនជារបស់ហ៊ុន សែន ហើយក៏មិនមែនរបស់រាជរដ្ឋាភិបាល ឬរបស់គណបក្សប្រជាជនទេ ប៉ុន្តែគឺជារបស់មនុស្សទាំងអស់គ្នា។ សម្តេចបន្តថា សូម្បីតែវេបសាយល្បីនៅក្រៅប្រទេសក៏បានចុះផ្សាយ ពី កីឡាការិនី ប៊ូ សំណាង ដែលរត់ក្នុងដំណក់ទឹកភ្លៀងរហូតដល់ទី បើទោះបីមិនទទួលបានជោគជ័យក៏ដោយ ដែលនេះគឺជាភាពអំណត់របស់កីឡាករ កីឡាការិនីកម្ពុជា។

សម្តេចតេជោបានបន្ថែមថា កន្លង មកកម្ពុជាធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមទទួលបានមេដាយមាសក្នុងចំណាត់ថ្នាក់ទី៨ តែប៉ុណ្ណោះ ប៉ុន្តែក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺទទួលបានមេដាយ មាសច្រើនក្នុងចំណាត់ថ្នាក់ទី៤ឬ ទី៣ ដែលនេះគឺជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជា ចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនី។

«ហើយប្រសិនបើថ្ងៃនេះយើងមានលទ្ធភាពដណ្តើមមេដាយ មាសឱ្យបាន លើឥណ្ឌូនេស៊ីឬស្មើឥណ្ឌូនេស៊ី នោះយើងអាចទៅជាលេខ៣ ប៉ុន្តែវាគឺជាការលំបាក ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិកីឡារបស់យើងដែលកីឡាខ្នាតអូឡាំពិក ត្រូវបានទទួលបាននូវមេដាយមាសជាលើកដំបូង គឺកីឡាហែលទឹក និងកីឡារត់ប្រណាំង ដែលមុននេះយើងមិនដែលមានមេដាយមាសនោះទេ ប៉ុន្តែឥឡូវនេះ យើងមានមេដាយ មាស ហើយរឿងឈ្នះរឿងចាញ់បានប៉ុន្មានក៏ដោយ ប៉ុន្តែខ្ញុំចាត់ទុកថា វាជាមោទនភាពមួយនៅក្នុងដំណើរ ការនៃការឈានឡើងនៃវិស័យកីឡារបស់កម្ពុជា ដែលខ្លួនមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជិតជោគជ័យ ព្រោះនៅពេលបិទ ហើយមិត្តភក្តិចាកចេញពីកម្ពុជាដោយគ្មានអ្វីទាំងអស់ គ្មានរឿងអ្វីទាំងអស់នោះគឺជាជោគជ័យ១០០ភាគរយរបស់កម្ពុជា៕»

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: