SEA GAMES

រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្សាយបន្តផ្ទាល់ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅតាមទីតាំងចំនួន ៧នេះ

BY
srey nuch
May 15, 2023

រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

ដោយរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង៦៖៣០នាទីយប់ រហូតដល់ចប់ពិធីនៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖

១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២៖ សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រួ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៣៖ ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤៖ ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
៥៖ សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
៦៖ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៧៖ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញនឹងចូលរួម គាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះក៏រ និងអធិកអធម ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២នេះ ៕

ប្រភព​៖ រដ្ឋបាលរាជធានីភ្នំពេញ​

Share This Post: