SEA GAMES

អ្នកប្រវត្តិសាស្ត្រថា ព្រឹត្តិការណ៍ស៊ីហ្គេមជាមោទកភាពជាតិខ្មែរនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា

BY
srey nuch
May 16, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ បានរៀបចំជាផ្លូវការនៅកម្ពុជាអស់រយៈពេលជាង ១០ ថ្ងៃមកហើយ ដោយព្រឹត្តិការណ៍នេះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ពីថ្នាក់ដឹកនាំជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះប្រវត្តិវិទូកម្ពុជាមួយរូប បានអះអាងថា ព្រឹត្តិការណ៍នេះ គឺកំពុងបង្ហាញពីមោទកភាពរបស់ជាតិខ្មែរនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាព្រឹត្តិការណ៍មួយធ្វើអោយ កក្រើកពិភពលោក ជាពិសេសពិធីបើក ធ្វើអោយមានការចាប់អារម្មណ៍ទូទាំងសាកល ផ្តល់ផលជាវិជ្ជមានធំធេង ចំពោះប្រវត្តិសាស្ត្រ និង សង្គមជាតិកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា នៅក្នុងពិធីបើកកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីថ្ងៃទី ៥ ខែឧសភា កន្លងទៅថ្មីៗនេះ មហាទស្សនីយ៍ភាពដំណើរជាតិកម្ពុជា បានចាប់ផ្តើមពីសម័យនគរគោកធ្លក នេះជាការផ្តល់តម្លៃខ្ពស់សម្រាប់ប្រវត្តិសាស្ត្រជាតិ។

ប្រវត្តិសាស្ត្រវិទូដដែលបាន បន្ថែមថា ចំពោះសង្គមជាតិខ្មែរវិញ ជាមោទកភាពមួយខ្ពស់ ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះមួយដ៏ជោគជ័យ ដែលមានហេដ្ឋារចនាសម្ព័នជាច្រើន ដែលបម្រើដល់ការប្រកួតកីឡា ការស្នាក់នៅរបស់ប្រតិភូកីឡាជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានបញ្ជាក់ថា “យើងមានស្តាត និង ភូមិកីឡា ដែលទាំងអស់នេះជាលទ្ធផលដ៏ល្អខ្លាំងណាស់ ដែលធ្វើអោយសង្គមជាតិខ្មែរ មានកិត្យានុភាពដ៏ខ្ពស់បែបនេះ។ នេះគឺជាកិត្យានុភាពរបស់ប្រជាជាតិខ្មែរទាំងមូល បន្ទាប់ពីយើងបានជោគជ័យ ក្នុងសម័យសង្គមរាស្ត្រនិយម ការរៀបចំកីឡាហ្គានីហ្វូ (GANEFO)នៅឆ្នាំ១៩៦៦ ពេលនោះក៏ល្បីដែរ ប៉ុន្តែពេលនេះល្បីខ្លាំងជាងមុន”

ប្រវត្តិសាស្ត្រវិទូដដែលបាន បន្ថែមថា ប្រធានបទនៃការប្រកួតកីឡាស៊ីហ្គេម ជាប្រធានបទមួយសំខាន់ ដែលបង្ហាញថា សមស្របតាមចក្ខុវិស័យរបស់ពិភពលោក ដែលកំណត់ជាវប្បធម៌សន្តិភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បន្តថា “ នៅវិស័យវប្បធម៌សន្តិភាពនេះ យើងបានបំពេញជាបន្តបន្ទាប់មកហើយ ប៉ុន្តែដែលលេចធ្លោខ្លាំងមែនទែនគឺនៅក្នុងកីឡាស៊ីហ្គេមលើកទី៣២ គឺយើងដាក់ប្រធានបទ កីឡារស់ក្នុងសន្តិភាពនេះគឺជាការប្រកាន់យកនូវគោលជំហរ មួយនៅក្នុងសន្តិភាពដ៏ច្បាស់លាស់ ដែលជាបំណងប្រាថ្នានិងចក្ខុវិស័យរបស់ពិភពលោក ហើយយើងបានអនុវត្តទៅតាមហ្នឹងគួរអោយកោតសរសើរ”

អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តរូបនេះ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថា “ ខ្ញុំវាយតម្លៃខ្ពស់ណាស់ ជាពិសេសពិធីបើកដែលមានមហាទស្សនីយភាពដំណើរជាតិកម្ពុជា ពីព្រោះប្រវត្តិសាស្រ្តរបស់យើងពីមុនមក យើងចេះតែថាតាមបារាំង។ បារាំងគេរៀបចំអោយយើង ហើយយើងចេះតែយកតាមថា ប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់ផ្តើមពីសម័យនគរភ្នំតាមឯកសារចិន ហ្វូណនជាដើម ប៉ុន្តែឥឡូវនេះអត់ទេ យើងមានឯកសារមួយទៀតជា ព្រះរាជពង្សសាវតា ភាគដំណាល ដែលប្រវត្តិសាស្ត្រជាតិយើង ឬក៏រដ្ឋប្រជាជាតិខ្មែរ បានចាប់ផ្តើមតាំងពីសតវត្សទី៣ មុនគ្រិស្តករាជ” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បន្តថា ការផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាល មកលើកប្រវត្តិសាស្ត្រតាម រយៈការលើកយកផ្ទាំងទស្សនីយភាព ដំណើរជាតិកម្ពុជានៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ធ្វើអោយអ្នកប្រវត្តិសាស្រ្តពេញចិត្ត និងសំណូមពរ ដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ជាមោទកភាពធំធេងរបស់ប្រជាជាតិកម្ពុជា ជាជោគជ័យរបស់ជាតិខ្មែរទាំងមូល និងប្រកាន់យកវប្បធម៌សន្តិភាពបន្តទៀត។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ មានកីឡាករ និងកីឡាការនី គ្រូបង្វឹក និងបុគ្គិលចូលរួម ជាង ១២ ៤០០ នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រខាងកើត។

កម្ពុជាត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក វាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី ៥ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: