SEA GAMES

រំភើបណាស់! កីឡាការិនី ស្រួង ភាវី ប្រកាសថា រាល់ថវិកាដែលទទួលបានពីការឈ្នះមេដាយស៊ីហ្គេម នឹងប្រមូលដាក់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ក្មេងៗក្រីក្រនៅកម្ពុជា

BY
srey nuch
May 16, 2023

រាជធានីភ្នំពេញ៖ កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមតំណាងឱ្យកម្ពុជា រស់នៅប្រទេសកូរ៉េ អ្នកនាង ស្រួង ភាវី ដែលជាកីឡាការិនីឆ្នើម ពោរពេញទៅដោយ​ទេពកោសល្យ​​ បានប្រកាសថា រាល់ថវិកា ដែលអ្នកនាងប្រកួតបានជ័យជម្នះ ក្នុងកីឡាស៊ីហ្គេមទាំងប៉ុន្មាន នឹងប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ដើម្បីជួយដល់ក្មេងៗក្រីក្រនៅក្នុងប្រទេសខ្មែរ នេះបើយោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីកម្ពុជា ស្រួង ភាវី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។ ហើយតាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះ គឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរ ដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដើម្បីកម្ពុជា អរគុណពុកម៉ែបងប្អូនណាស់ » ។

កីឡាការនី ស្រួង ភាវី ក៏ធ្លាប់បានបង្ហោះថា៖ «បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ»

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ស្រួង ភាវី ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ក្រោយពីបានយកឈ្នះកីឡាការិនីវៀតណាម។ នៅថ្ងៃទី១៣ ខែឧសភា កីឡាការិនី ស្រួង ភាវី ទទួលបានមេដាយសំរិទ្ធ ក្រោយចាញ់កីឡាការិនីវៀតណាមឈ្មោះ Kien Tuong Phung វិញ្ញាសាការ៉ុម (មួយបាំង) ក្នុងលទ្ធផល៥០ ទល់ ២១ ដោយសារវៀតណាមគាត់មានជំនាញខ្លាំងចំពោះ វិញ្ញាសាមួយបាំងនេះ ឯ ភាវី គាត់ជំនាញបីបាំងជាង៕

Share This Post: