SEA GAMES

ក្រោយបានប្រាក់រង្វាន់ភ្លាម កីឡាការិនីឆ្នើម ស្រួង ភាវី រៀបចំជាចំណែកៗសម្រាប់ការងារមនុស្សធម៌នៅថ្ងៃទី១៨ ឧសភា ខាងមុខនេះ

BY
Liny Chan
May 16, 2023

បន្ទាប់ពីប្រកាសបរិច្ចាគរាល់ថវិកាដែលប្រកួតឈ្នះនៅស៊ីហ្គេម ទៅក្នុងមូលនិធិសប្បុរសធម៌ដើម្បីជួយដល់ក្មេងៗក្រីក្រនៅកម្ពុជា មុននេះបន្តិច កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមតំណាងឱ្យកម្ពុជា អ្នកនាង ស្រួង ភាវី បានយកប្រាក់រង្វាន់មករៀបដាក់ស្រោមសំបុត្រ ត្រៀមសម្រាប់ធ្វើការងារមនុស្សធម៌។

តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ កីឡាការិនីឆ្នើម ស្រួង ភាវី បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខាងមុខនេះ អ្នកនាងនឹងធ្វើការងារមនុស្សធម៌ នៅរាជធានីភ្នំពេញ ហើយបើសិនបងប្អូនចង់ចូលរួមជាមួយ គឺអាចចូលរួមបាន។

សូមជម្រាបជូនថា នៅក្នុងការបង្ហោះ កីឡាការិនីឆ្នើមរូបនេះ ក៏បានលើកឡើងផងដែរថា៖ «សកម្មភាពមនុស្សធម៌ កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់ ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន ។ មិនរើសអើងវណ្ណៈ ផ្តល់តម្លៃ ផ្តល់ស្នាមញញឹម ផ្តល់ការគោរព ផ្ដល់ភាពស្មោះត្រង់ សាមគ្គីភាព និងផ្តល់នូវសេចក្តីស្រឡាញ់គ្រប់ពេលវេលា»៕

អត្ថបទ៖ លីនី

Share This Post: