SEA GAMES

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ

BY
srey nuch
May 17, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា អបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោបន្តថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១, មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧។

គួរបញ្ជាក់ដែរថា ក្នុងទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកឱ្យកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។ ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកនេះ។

គួររម្លឹកថា នៅឆ្នាំ១៩៥៩ គឺ៦៤ឆ្នាំមុន ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងត្រូវបានរៀបចំឡើង។ ព្រឹត្តិការណ៍នេះបានរីកចម្រើនដល់១៤ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ព្រឹត្តិការណ៍លើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជានេះមានការចូលរួមពីអត្តពលិក និងមន្ត្រីពាក់ព័ន្ធ ចំនួន ១០០ ៨៩០នាក់ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុង៥៧៩ វិញ្ញាសារ លើ ៣៦ ប្រភេទកីឡា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: