SEA GAMES

កម្ពុជា​សង្ឃឹមលើកីឡា ៤​ប្រភេទ​ ដែលមានសក្ដានុពល ដើម្បីយកមេដាយមាសបានច្រើនជាងគេ

BY
srey nuch
June 2, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងបើកជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។ ក្នុងព្រឹត្តិការប្រកួតនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ា​ឡាំពិក​កម្ពុជាបានលើកឡើងថា កម្ពុជាសង្ឃឹមលើកីឡា៤ប្រភេទដែលមានសក្ដានុពល ដើម្បី​ដណ្ដើមយកមេដាយមាសបានច្រើនជាងគេ ខណៈកីឡា១០ប្រភេទផ្សេងទៀត បង្ហាញ​សញ្ញាវិជ្ជមានខ្ពស់ផងដែរ។

បន្ទាប់ពីពិធីបើកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) និងមជ្ឈមណ្ឌលផ្សាយ​ព័ត៌មាន (IBC) បម្រើព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាព្រឹកថ្ងៃ​ទី០២ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម យី វាសនា អគ្គ​លេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង​គណៈ​កម្មា​ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រាប់ទី​ភ្នាក់ងារសារព័ត៌​មានកម្ពុជា AKP ឱ្យដឹងថា «ប្រភេទកីឡាដែលកម្ពុជាគិតឃើញថា មានសក្ដានុពល​នោះគឺ​យើងមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាបាល់ទះអង្គុយ និងកីឡាបាល់​បោះ​រទេះ។ បួនប្រភេទកីឡានេះយើងរំពឹងទុកថា នឹងមានមេដាយមាសច្រើនជាងប្រភេទ​កីឡា​ដទៃទៀត។ ប៉ុន្តែក្នុងចំណោម ដប់ ប្រាំបី និងប្រាំបួនកីឡាទៀតមិនមែនថា អត់នោះទេ ខ្ញុំ​នៅ​តែសង្ឃឹមថា នឹងនៅតែមានមេដាយមាសដដែល»។

យោងតាមតារាង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ការប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានកីឡា១៤ប្រភេទគឺ៖ កីឡាអត្តពល​កម្មជន​ពិការ Para Athletic, កីឡាហែលទឹកជនពិការ Para Swimming, កីឡាបាល់បោះរទេះ Wheelchair Basketball,កីឡាបាល់ទះអង្គុយ Sitting Volleyball,កីឡាវាយកូនឃ្លីលើ​តុជន​ពិការ Para Table Tennis, កីឡាវាយសីជនពិការ Para Badminton, កីឡាបាល់ទាត់ជនពិការ Football 5 Aside, កីឡាបាល់ទាត់ចលករខួក្បាល CP Football /Football 7 Aside, កីឡាបាល់បោះជនពិការ Para Goalball, កីឡាលើកទម្ងន់ជនពិការ Para Powerlifting, កីឡាយូដូជនពិការ Para Judo, កីឡាបូស្យា Boccia, កីឡាអុក Chess និងកីឡា E-Sport៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: