SEA GAMES

ម្ចាស់មេដាយមាស វ៉ិត ចន្ថា៖ មេដាយមាស ជូនសម្រាប់ប្រជាពលរដ្ឋខ្មែរ១៧លាននាក់

BY
srey nuch
June 5, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពិធីបំពាក់មេដាយមាស កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីលាន អត្តពលកម្មនៃពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាការិនី វ៉ិត ចន្ថា បានបង្ហាញក្តីរំភើបរីករាយជាខ្លាំងដល់ស្រក់ទឹកភ្នែកដោយនិយាយថា៖«មេដាយមាស១គ្រឿងនេះ ខ្ញុំជូនម្តាយ របស់ខ្ញុំ ដែលជាអ្នកមានគុណ និងប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់»។

ម្ចាស់មេដាយមាស វ៉ិត ចន្ថា បន្ថែមទាំងអួលដើមករ ស្រក់ទឹកភ្នែកថា «ខ្ញុំរំភើបរីក រាយណាស់ ដែលបានប្រឹងប្រែងដណ្តើមមេដាយមាសជូនជាតិ លើវិញ្ញាសារត់ចម្ងាយ T64។ មេដាយមាសនេះ ខ្ញុំសូមជូនមុនគេ គឺអ្នកម្តាយរបស់ខ្ញុំ ដែលជាអ្នកនៅពីក្រោយខ្នងខ្ញុំជានិច្ច។ ម្តាយរបស់ខ្ញុំ តែងតែប្រាប់ខ្ញុំជានិច្ចថា កូនត្រូវតែតស៊ូពុះពារ។ ខ្ញុំតែងតែតស៊ូប្រឹងប្រែងក្នុងជីវិត ជាពិសេសគឺក្នុងការប្រកួតលោតចម្ងាយនេះ។ មេដាយមាសនេះក៏ជូនសម្រាប់ប្រជាពលរដ្ឋ ខ្មែរ១៧លាននាក់។ មេដាយមាស១គ្រឿងនេះ ខ្ញុំសូមជូនសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង ១៧លាននាក់ទាំងម្រាមដៃ១០។ សូមពុកម៉ែបងប្អូនមេត្តាផ្តល់ការគាំទ្របន្ថែមដល់ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ»។

«កម្លាំងចិត្តដ៏មុតមាំនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសនៅ ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីថ្ងៃទី០៣ ខែមិថុនា ខ្ញុំជាអ្នករត់ព្រះអគ្គិជ័យ កីឡាដោយទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយទទួល បានពរជ័យពីសម្តេចតេជោ។ សម្តេចពុកយកដៃអង្អែលក្បាលខ្ញុំ ហើយមានប្រសាសន៍ឱ្យ ខ្ញុំប្រឹងប្រែងឡើង។ ខ្ញុំពិតជារីករាយ ដែលសម្តេចពុកជូនពរជ័យដល់កូន ហើយពរជ័យ របស់សម្តេចពុក ពិតជាជំរុញឱ្យកូនជោគជ័យពិតមែន។ ពេលនេះកូនធ្វើបានហើយ»។ កីឡាការិនីដ៏ឆ្នើមវ័យ៤០ឆ្នាំរូបនេះបានបន្ថែម។

កីឡាការិនី វ៉ិត ចន្ថា នៅសល់២វិញ្ញាសាទៀត ក្នុងប្រភេទកីឡាអត្តពលកម្មនេះដែរ គឺរត់២០០ម៉ែត្រ និង៤០០ម៉ែត្រ។ ២ វិញ្ញាសានេះ វ៉ិត ចន្ថា នឹងបន្តប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិបន្ត។ ចន្ថា បន្ថែមថា ក្នុងអំឡុងពេលហ្វឹកហាត់ និងប្រកួតលោតចម្ងាយនេះ ប៉ុន្មានថ្ងៃនេះ កីឡាការិនីឆ្នើមរូបនេះឈឺជង្គង់។ បើរត់មុន មិនសូវអីទេ ប៉ុន្តែការប្រកួតលោតចម្ងាយមុនបែបនេះធ្វើឱ្យជង្គង់មានបញ្ហា។ យ៉ាងណា ម្ចាស់ មេដាយមាសរូបនេះដាក់ការប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកមេដាយបន្ថែម។

សូមបញ្ជាក់ថា សម្រាប់ពិធីបំពាក់មេដាយជូនម្ចាស់ជ័យលាភីលើវិញ្ញាសាលោតចម្ងាយ T64 នេះទទួលបានការផ្តល់កិត្តិយសពីឯកឧត្តម ហ៊ុន ម៉ានី តំណាងគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣(CAMAPGOC) មេដាយមាស ដណ្តើមបានដោយកីឡាការិនីកម្ពុជា វ៉ិត ចន្ថា ធ្វើសម្រេចក្នុងចម្ងាយ ៣,៩៩៩ម៉ែត្រ និង មេដាយប្រាក់ បានទៅលើកីឡាការិនីមីយ៉ាន់ម៉ា Law Lar Win ដែលលោតបាន ៣,៧៤០ម៉ែត្រ។

គួររម្លឹកថា កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនីឆ្នើមកម្ពុជា វ៉ិត ចន្ថា ធ្លាប់បានឈ្នះមេដាយមាស លើវិញ្ញាសាលោតចម្ងាយនេះ ហើយឈ្នះមេដាយមាស១គ្រឿងទៀត លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ រីឯមេដាយប្រាក់១គ្រឿង ធ្លាប់ដណ្តើមបានលើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: