សិល្បៈ

ក្រសួងវប្បធម៌ ឱ្យលោក ឯម រៀម លុបរូបភាពមិនសមរម្យរបស់ខ្លួនចេញពីបណ្តាញសង្គមជាបន្ទាន់ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ

BY
srey nuch
June 9, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីបានឃើញនូវរូបភាពរបស់ លោក​ ឯម រៀម បង្ហោះក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបែបអាក្រាតកាយ ស្រើបស្រាល ដែលបណ្ដាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ក្រសួងសូមឱ្យលោក ឯម រៀម លុបរូបភាពនោះចេញពីបណ្តាញផ្សព្វផ្សាយសង្គមជាបន្ទាន់។

តាមរយៈខ្លឹមសារសំណេររបស់ ក្រសួងវប្បធម៌ បានឱ្យដឹងថា «ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។

ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម។

ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន។»

បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ រួច នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់លោក ឯម រៀម បានធ្វើការលុបរូបភាពលក្ខណៈអាសនោះចេញពីបណ្ដាញសង្គម និងធ្វើការសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ។ យោងតាមខ្លឹមសារសំណេរ លោក ឯម រៀម បានសរសេររៀបរាប់ថា៖ «សូមគោរពនិងទទួលបាន ហើយខ្ញុំបាទ EM RIEM បានលុបចោលហើយ។ តាមពិតជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe ហើយខ្ញុំបាទផុសក្នុង Story FB គ្រាន់តែចង់ចែករំលែកពី App សម្រាប់ Edit រូបភាព before និង after ដែលមានបងប្អូនជាច្រើនចង់បានរាងរបស់គាត់ទៅជាមានសាច់ដុំធំៗ ដោយមិនមានចេតនាអ្វីទេ…ដូចនេះហើយសូមអភយ័ទោស និងសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជា៕ »

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: