សិល្បៈ

ផ្ទុះការភ្ញាក់ផ្អើល! សិល្បៈការិនីល្បីឈ្មោះ កញ្ញា ព្រះកាយច័ន្ទ ចូលរួមប្រឡងកម្មវិធី The Voice Cambodia ដើម្បីបំពេញបំណងមនុស្សជាទីស្រលាញ់

BY
srey nuch
June 19, 2023

រាជធានីភ្នំពេញ៖ រឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ សិល្បៈការិនីដ៏ល្បីឈ្មោះ គឺ កញ្ញា ព្រះកាយច័ន្ទ ដែលជាសិល្បៈការនីមួយរូប ពោរពេញទៅដោយពហុជំនាញផ្នែកសិល្បៈ ទេពកោសល្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស បានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដើម្បីសម្រេចបំណងរបស់លោកឪពុក ដែលចង់ឃើញកញ្ញាក្លាយជាអ្នកច្រៀង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមកាលពីយប់មិញនេះ ។

នៅក្នុងកម្មវិធី The Voice Cambodia នោះផងដែរ អ្នកទស្សនាគ្រាន់តែបានឃើញនូវវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ ភ្លាម បាននាំគ្នាផ្ទុះការស្រែក ហ៊ោកញ្ជ្រៀវ ពេញស្ទូឌីយ៉ូហង្សមាស ធ្វើឱ្យគណៈកម្មការទាំង៤ ពិតជាចង់ឃើញថា បេក្ខជនរូបនេះជាអ្នកណា។ ក្នុងនោះផងដែរ កញ្ញា ព្រះកាយច័ន្ទ បានធ្វើការបកស្រាយបទចម្រៀង «មួយលានឆ្នាំ» បានយ៉ាងរលូន ប៉ុន្តែមិនអាចទាញចិត្តគណៈកម្មការឱ្យគោះប៊ូតុងយកកញ្ញាបាននោះទេ ពោលគឺកញ្ញា ជ្រើសរើសបទចម្រៀង មិនទាន់ត្រូវនឹងសំឡេងរបស់កញ្ញា​ផ្ទាល់។

បើទោះបីជាគណៈកម្មការ ពុំបានជ្រើសរើសកញ្ញា ព្រះកាយច័ន្ទ ក៏កញ្ញាសប្បាយចិត្ត ដែលបានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ដោយទទួលបានបទពិសោធន៍ថ្មីៗពីគណៈកម្មការ ហើយអ្វីដែលសំខាន់នោះ គឺកញ្ញាបានបំពេញបំណងរបស់លោកប៉ាផងដែរ ៕ សូមទស្សនាវិដេអូ នូវការបង្ហាញសមត្ថភាពរបស់ កញ្ញា ព្រះកាយច័ន្ទ ខាងក្រោម៖

Share This Post: