សិល្បៈ

លោក ជី ដេវីត ប្រកាសទុកពេល ៨ម៉ោង ឱ្យអ្នកគប់ដុំទឹកកក ត្រូវចូលខ្លួនមកសុំទោសជាសាធារណៈនូវអាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមបែបនេះ

BY
srey nuch
August 1, 2023

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលបានកើតឡើងទៅលើតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ គឺ​លោក ងួន ចាន់ដាវីត ដោយពេលនោះមានជនខិលខូច បានយកដុំទឹកកក គប់ទៅកាន់រូបលោក ខណៈកំពុងសម្តែងលើឆាកក្នុងក្លឹបមួយកន្លែង នៅឯក្រុងព្រះសីហនុ។

បន្ទាប់ពីឃើញនូវសកម្មភាពអសីលធម៌បែបនេះ លោក ងួន ចាន់ដេវីត ហាក់បីជាទ្រាំលែងបានតទៀត នូវទង្វើដែលគួរឱ្យស្អប់ខ្ពើម នៃការមើលងាយ និងមិនឱ្យតម្លៃមកលើខ្លួន តារាចម្រៀងរ៉េបរូបនេះ បានប្រកាសថា លោក ទុកពេលឱ្យជនខិលខូចដែលបានគប់ដុំទឹកកកនោះ ក្នុងរយៈពេល ៨ម៉ោង ចូលខ្លួនមកសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់លោក នឹងមហាជន ពីទង្វើថោកទាបបែបនេះ។

លោក ងួន ចាន់ដេវីត បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមើល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្តជាមួយអាកប្បកិរិយាគួរអោយខ្ពើមរអើមពោរពេញដោយការមើលងាយជិះជាន់តម្លៃមកលើរូបខ្ញុំជាអ្នកសិល្បៈ ខ្លាំងណាស់ គឺ ខ្លាំងហួសពីការស្មាន។ និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លើកលែង ក៏មិនចង់បន្តផុសសឹងតែថាអោយកន្លងហួសហើយក៏ចប់ទៅចុះ ប៉ុន្តែដោយកម្លាំងអ្នកគាំទ្រនិងមហាជន ខ្ញុំមិនអាចប្រើប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នកបាននោះទេ វាហាក់ដូចជាមិនគប្បីទាល់តែសោះបើខ្ញុំនៅតែចចេសចង់លើកលែង។ »

លោក ងួន ចាន់ដេវីត បានបន្តទៀតថា៖ «ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហាតែខ្ញុំក៏មានបេះដូងឈឺចាប់នឹងទង្វើថោកទាបបែបនេះដែរ ដោយហេតុខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បៈករម្នាក់ដើម្បីលុបបំបាត់ការមើលងាយមើលថោក ដល់សិល្បៈករ និង សិល្បការិនីដ៏ទៃទៀត ក៏ដូចជាក្រោកឈរ ដើម្បីមហាជន និង អ្នកគាំទ្ររបស់ខ្ញុំ ។ ខ្ញុំសូមអរគុណបងប្អូន ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់ខ្ញុំ នឹងមហាជន ពីទង្វើថោកទាបរបស់ខ្លួន។ ហេតុដែលខ្ញុំនិយាយដូចនេះ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វីអាចផ្សះផ្សាអារម្មណ៍ឈឺចាប់របស់ខ្ញុំបានទេ បើផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ ។ »

លោក ងួន ចាន់ដេវីត បញ្ជាក់បន្ថែមទៀតថា «ខ្ញុំ នឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយក្នុងពេល ៨ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ។ ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង។ ក្នុងរូបភាពខាងក្រោមនេះជាផ្នែកមួយនៃអាកប្បកិរិយារបស់បុរសកំណាចក្នុងអំឡុងពេលដែលខ្ញុំកំពុងច្រៀងនៅម៉ោង ( ១២:៤១ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ) ជនបង្កគឺបុរសសង្ហាលើកដៃម្រាមកណ្តាលនោះឯង។ ខ្ញុំសូមអរគុណដល់ PUB ដែលបានសហការផ្តល់ជា Video ដល់ខ្ញុំ ខ្ញុំពិតជាអរគុណសម្រាប់តឹកតាងដ៏សំខាន់នេះ។ ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូន និងមហាជន ពីខ្ញុំបាទ ងួន ចាន់ដាវីត ៕

ប្រភព៖ G-Devith

Share This Post: