សិល្បៈ

លោកជំទាវ ចន ច័ន្ទលក្ខិណា នាំតារាចម្រៀង ស៊ឹម ថៃណា ទៅសុំជំនួយផ្នែកច្បាប់ បន្ទាប់ពីប្រកាសទុកពេល ២៤ម៉ោង មិនឃើញបុរសម្នាក់នោះចេញមុខមកសុំទោស

BY
srey nuch
August 11, 2023

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្ទាល់របស់ ​​លោក​ជំទាវ ចន ច័ន្ទលក្ខិណា ​​​ប្រធាន​សមាគមន៍​សិល្បៈ​ ​បានបញ្ជាក់ថា «២៤ម៉ោងត្រូវបានបញ្ចប់ ដូច្នេះពួកយើងធ្វើតាមនីតិវិធីច្បាប់ គ្មានការសុំទោសទៀតទេ»។ ការបញ្ជាក់បែបនេះ បន្ទាប់ពី ​​លោក​ជំទាវ បានប្រកាសទុកពេល ២៤ ដល់បុរសម្នាក់ ដែលបានជេរប្រមាថមើលងាយមកលើតារាចម្រៀង ស៊ឹម ថៃណា ចេញមកសុំទោសនៅចំពោះមុខ។

តាមរយៈការបង្ហោះរូបមួយសន្លឹកក្នុងគណនីហ្វេសប៊ុករបស់ លោក​ជំទាវ ចន ច័ន្ទលក្ខិណា បាននាំតារាចម្រៀង ស៊ឹម ថៃណា ទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដើម្បីដាក់ពាក្យប្តឹងបុរសម្នាក់ ដែលបានប្រមាថមើលងាយ ប្រើពាក្យសម្ដីធ្ងន់ៗ មកលើតារាចម្រៀងរូបនេះ ហាក់បីជាពុំអាចទទួលយកបាននោះទេ។ ការដាក់ពាក្យប្ដឹងនេះ ដោយសារតែបុរសដែលបានប្រមាថមើលងាយ មិនបានចេញមុខមកដោះស្រាយ និងសុំទោសនៅចំពោះមុខ បន្ទាប់ពីលោក​ជំទាវ បានដាក់ពេលឲ្យ២៤ម៉ោង ដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់ថា តារាចម្រៀង ស៊ឹម ថៃណា បានឡាយវីដេអូក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បាននិយាយទាំងអួលដើមក ទឹកភ្នែកស្រក់មកឥតឈប់ បានរៀបរាប់ពីសកម្មភាព បុរសម្នាក់ដែលនាងមិនធ្លាប់ស្គាល់សោះ បានផឹកស៊ីស្រវឹងនៅក្នុងហាងដែលនាងច្រៀងកាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយប្រើពាក្យជេរប្រមាថ ហាក់បីដូចជានាង ជាស្រីខូច ឬស្រីលក់ខ្លួន នៅពេលដែលរូបនាងត្រូវបានអ្នកស្គាល់គ្នាអញ្ជើញឲ្យទៅអង្គុយកំដរក្បែរនោះ។ ភ្លាមៗនោះ តារាចម្រៀង ស៊ឹម ថៃណា ក៏បានឈ្លោះតបវិញដែរ ហើយក៏ដើរចេញ ព្រោះដោយមើលឃើញថា បុរសម្នាក់នោះស្រវឹងខ្លាំងហើយ។ តារាចម្រៀង ស៊ឹម ថៃណា បានបន្ថែមថា ពាក្យប្រមាថទាំងនេះ ទោះជានាងកើតក្នុងគ្រួសារអ្នកក្រ សូម្បីតែម្ដាយរបស់នាង បងប្អូន ឬមិត្តភក្ដិ ក៏មិនដែលប្រើពាក្យបែបនេះដាក់មកលើនាងឡើយ ៕

ប្រភព៖ Chanlakhena Chorn

Share This Post: