សិល្បៈ

ឧកញ៉ា ព្រាប សុវត្ថិ បញ្ចេញយោបល់ខ្លះ ក្រោយឃើញបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀង ប៉ះទង្គិចពាក្យសម្ដីគ្នាលើបណ្ដាញសង្គម

BY
srey nuch
January 17, 2024

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គមរបស់ តារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា វាជារឿងដ៏គួរឲ្យអាម៉ាសដែលមានអ្នកច្រៀងបទពីដើមៗ មកចង់ច្រៀងរ៉េបដូចក្មេងសម័យឥឡូវ ហើយថែទាំងបានលើកចំៗឈ្មោះតារាចម្រៀង ខេមរៈ សិរីមន្ដ និងតារាចម្រៀងព្រាប សុវត្ថិ ថែមទៀត។

តាមរយៈការលើកឡើងរបស់តារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ចេញយោបល់ខ្លះៗ នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា។ ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជាទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ។ »

ឧកញ៉ា ព្រាប សុវត្ថិ បានបន្ថែមទៀតថា៖ «ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយ មហាជនគឺជាកញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ។ សំរាប់យើងជា អ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត។ »

បន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះសារយ៉ាងមានអត្ថន័យនេះរួច ឃើញមាន សិល្បករ លោកជំទាវ ឧកញ៉ា និងមហាជនជាច្រើនទៀត បានសម្តែនូវការគាំទ្រទស្សនៈ និងមតិយោបល់នេះ យ៉ាងពេញទំហឹងផងដែរ៕

ប្រភព៖ Preap Sovath

Share This Post: