អន្តរជាតិ

មនុស្ស ៤នាក់បានបាត់បង់ជីវិត និងជាង ៥០នាក់បានរងរបួសក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់

BY
Pheakdey
April 3, 2024

តៃវ៉ាន់៖ យ៉ាងហោចណាស់មានម​នុស្សចំ​នួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់កាលពីព្រឹកមិញ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅពេលថ្ងៃត្រង់នៃថ្ងៃទី៣ ខែមេសានេះ។ ក្រៅពីបានរកឃើញអ្នកស្លាប់ហើយអាជ្ញាធរតៃវ៉ាន់ក៏បានបញ្ជាក់ថា មានពលរដ្ឋជាង ៥០នាក់បានរងរបួស និង ២០នាក់ផ្សេងទៀតកំពុងជាប់នៅក្រោមគំនរបាក់បែកផងដែរ​។

ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលខាងលើនេះគឺការរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់និងធ្ងន់ធ្ងរមិនធ្លាប់កើតមានចំពោះកោះតៃវ៉ាន់នោះទេសម្រាប់នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ជូនផងដែរថា រញ្ជួយដីបានកើតឡើងនៅតំបន់កោះតៃវ៉ាន់ក៏ពិតមែន តែគ្រោះធម្មជាតិមួយនេះក៏បានបង្កហានិភ័យនៃការកើតមានរលកយក្សស៊ូណាមីទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសជប៉ុនផងដែរ ខណៈគិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននិងជប៉ុនបានទាញសញ្ញាអាសន្នអំពីការកើតមានរលកស៊ូណាមីរួចរាល់ហើយដើម្បីឱ្យពលរដ្ឋរស់នៅតាមតំបន់ងាយរងគ្រោះមួយចំនួនត្រៀមធ្វើការជម្លៀសខ្លួន៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: