អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់កើនឡើងដល់ ១០នាក់ និង ១៨នាក់កំពុងបាត់ខ្លួន

BY
Pheakdey
April 5, 2024

តៃវ៉ាន់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានបន្តកើនឡើងរហូតដល់ ១០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមេសានេះ។ ចំពោះតួលេខអ្នករងរបួសវិញហាក់មិនមានអ្វីប្រែប្រួលច្រើនឡើយ ពោលគឺនៅមានចំនួនប្រមាណជា ១,០០០នាក់ដដែល ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅបន្តធ្វើឡើងយ៉ាងសកម្ម។

បើតាមអាជ្ញាធរតៃវ៉ាន់បានបន្តថា​ គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៨នាក់កំពុងតែបាត់ខ្លួន​ ហើយនៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះក៏មានទាំងជនបរទេសចំនួន ៤នាក់ផងដែរនាក់ ដោយមានជនជាតិឥណ្ឌា ជនជាតិអូស្រ្តាលី និងកាណាដា។ គួរកត់សម្គាល់ថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃពុធ ទី៣ មកម្ល៉េះ ដោយបានកើតឡើងនៅក្នុងកម្រិត ៧,៤ រ៉ិចទ័រ ខណៈនាពេលកន្លងមកតៃវ៉ាន់ ក៏ធ្លាប់កើតមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរចំនួន ២ដងដែរ ដោយនៅក្នុងឆ្នាំ២០១៦ គ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់បានបណ្តាលឱ្យមានមនុស្ស ១០០នាក់បានស្លាប់បាត់បង់ជីវិត និងកាលពីឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័របានសម្លាប់មនុស្សរហូតដល់ជាង២,០០០នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: