អន្តរជាតិ

តុលាការថៃកាត់ទោសស្រ្តីម្នាក់ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំក្រោយរូបគាត់បានបន្លំលួចលុយរបស់ម្តាយដែលកំពុងមានជំងឺធ្ងន់ធ្ងរអស់ជាង ៦៥ម៉ឺនដុល្លារ

BY
Pheakdey
April 5, 2024

ថៃ៖ តុលាការថៃបានសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំដោយមិនមានការព្យួរទោសឡើយជុំវិញករណីដែលស្រ្តីរូបនេះបានលួចយកលុយពីម្តាយដែលកំពុងមានជំងឺធ្ងន់ធ្ងរចំនួន ២៤លានបាត (៦៥២,៣៨៧ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ស្រ្តីដែលបានប្រព្រឹត្តបទល្មើសលួចប្រាក់ដ៏ច្រើនខាងលើនេះមានឈ្មោះថា Mawadee Sriwirat និងមានអាយុ ៥៧ឆ្នាំ ខណៈស្រ្តីដែលជាជនរងគ្រោះក្នុងករណីនេះមានឈ្មោះថា Huai Sriwirat និងមានអាយុ ៨៦ឆ្នាំ។ 

ប្រភពខាងលើបានបន្តថា កាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ លោកស្រី Huai Sriwirat បានកើតមានជំងឺធ្ងន់ធ្ងររហូតត្រូវសន្លប់បាត់បង់ស្មារតីអស់រយៈពេលជាយូរ ហើយក្នុងអំឡុងពេលលោកស្រី Mawadee Sriwirat ដែលត្រូវជាកូនបង្កើតរប​ស់គាត់នោះបានធ្វើសកម្មភាពលួចយកលុយពីក្នុងគណនីធនាគាររបស់ជាបន្តបន្ទាប់។ ការលួចដកប្រាក់ត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ស្នាមមេដៃរបស់ស្រ្តីជនរងគ្រោះជំនួសដោយការចុះហត្ថលេខាសម្រាប់ទៅស្នើដកប្រាក់ពីធនាគារ ខណៈបុគ្គលិកខាងធនាគារក៏បានជួយសម្របសម្រួលករណីនេះដែរដោយផ្អែកលើហេតុផលថា អតិថិជនជាម្ចាស់គណនីមានជំងឺធ្ងន់ធ្ងរមិនអាចមកដកប្រាក់ដោយខ្លួនឯងបានទើបតម្រូវឱ្យកូនស្រីមកដកប្រាក់ជំនួស។ សម្រាប់តុលាការថៃបានសម្រេចចោទប្រកាន់ថា ករណីខាងលើនេះគឺជាករណីបន្លំលួចប្រាក់ដ៏ធ្ងន់ធ្ងរមួយ ហើយអ្នកប្រព្រឹត្តបទល្មើសត្រូវតែទទួលទោសជាប់ពន្ធនាគារពេញរយៈពេល ១២ឆ្នាំតែម្តង ដោយគ្មានការស្នើសុំឱ្យនៅក្រៅឃុំឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

Share This Post: