អន្តរជាតិ

ខោខ្លីរបស់កីឡាករប្រដាល់ Muhammad Ali ត្រូវបានដាក់លក់ដេញថ្លៃនៅអាមេរិក ខណៈគេរំពឹងថាតម្លៃចុងក្រោយអាចឡើងដល់ខ្ទង់ ៦លានដុល្លារ

BY
Pheakdey
April 5, 2024

អាមេរិក៖ ខោខ្លីរបស់កំពូលកីឡាករប្រដាល់លំដាប់ពិភពលោក Muhammad Ali នឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃរាប់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៥​​ ខែមេសានេះ។ កម្មវិធីដេញថ្លៃទិញខោខ្លីដ៏មានតម្លៃបំផុតនៅលើពិភពលោកមួយនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Sotheby ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយការដេញថ្លៃត្រូវបានចាប់ផ្តើមចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី១២ ខែមេសាទើបបិទបញ្ចប់ និងប្រកាសឈ្មោះអ្នកទិញចុងក្រោយតែម្តង។

គួរបញ្ជាក់ជូនថា ខោខ្លីដែលមានចុះហត្ថលេខាដោយផ្ទាល់ពីសំណាក់កីឡាករ  Muhammad Ali មួយនេះគឺជាខោដែលរូបលោកបានពាក់ប្រកួតក្នុងព្រឹត្តិការណ៍ “Thrilla in Manila” ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ទម្ងន់ធ្ងន់ធំបំផុតនៅក្នុងឆ្នាំ១៩៧៥ ដោយនៅក្នុងការប្រកួតជាប្រវត្តិសាស្រ្តនោះរូបលោកបានយកឈ្នះលើកីឡាករ George Foreman ដោយការផ្តួលដៃគូឱ្យសន្លប់នៅលើសង្វៀន។ ប្រភពខាងលើបានបន្តថា​ ការដេញថ្លៃបានចាប់ផ្តើមដំបូងជាមួយតម្លៃ ៣,៨លានដុល្លារ ហើយគិតត្រឹមពេលនេះមានមនុស្សជាច្រើនបានព្យាយាមដាក់ការដេញថ្លៃក្នុងតម្លៃខ្ពស់ជាងនេះជាបន្តបន្ទាប់ ខណៈក្រុមហ៊ុន Sotheby បានព្យាករណ៍ថា តម្លៃចុងក្រោយរបស់ខោខ្លីមួយនេះអាចកើនឡើងដល់ខ្ទង់ចន្លោះពី ៤ ទៅ ៦លានដុល្លារអាមេរិក។ សូមបញ្ជាក់ជូនផងដែរថា​ កីឡាករ Muhammad Ali មានកម្ពស់ ១,៩១ម៉ែត្រ មានទម្ងន់ ១០៧គីឡូក្រាម ជាកំពូលកីឡាករដ៏ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក ហើយរូបលោកបានទទួលមរណៈភាពនៅក្នុងឆ្នាំ២០១៦ ក្នុងអាយុ៧៤ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: