អន្តរជាតិ

ហ្វីលីពីនបន្តបិទសាលារៀនរហូតដល់ ៥,២៨៨កន្លែងព្រោះតែបញ្ហារលកកម្តៅ

BY
Pheakdey
April 5, 2024

ហ្វីលីពីន៖ ក្រសួងអប់រំក្នុងប្រទេសហ្វីលីពីនបានបន្តបិទសាលារៀនជាច្រើនកន្លែងបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ ខណៈវិធានការផ្អាកសាលារៀនជាបណ្តោះអាសន្ននេះបានផ្តើមអនុវត្តចាប់តាំងពីដើមសប្តាហ៍នេះមកម្លេះ។​ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ​ ទី៥ ខែមេសានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានសាលារៀនសរុបចំនួន ៥,២៨៨កន្លែងហើយ ដែលត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈអាជ្ញាធរហ្វីលីពីនមិនទាន់បានបញ្ជាក់អំពីថ្ងៃដែលត្រូវបើកសាលារៀនទាំងនោះឡើងវិញនៅឡើយទេ។

ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀនខាងនេះបានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្រុមសិស្សានុសិស្សប្រមាណជា ៣,៦លាននាក់ តែយ៉ាងណាក្តីអាជ្ញាធរហ្វីលីពីនគ្មានជម្រើសណាល្អជាងនេះឡើយក្នុងការការពារសុវត្ថិភាពរបស់ពួកគេពីរលកកម្តៅ។ ​សូមបញ្ជាក់ជូនថា វិធានការបិទសាលារៀនត្រូវបានអនុវត្តចំពោះតែសាលារៀនណាដែលត្រូវប្រឈមនឹងបញ្ហារលកកម្តៅប៉ុណ្ណោះ ពោលគឺសាលារៀនទាំងឡាយណាដែលពុំមានការបំពាក់នូវកង្ហារ ឬម៉ាស៊ីនត្រជាក់គ្រប់គ្រាន់ និងស្ថិតនៅតំបន់ដែលមានសីតុណ្ណភាពកើនឡើងរហូតដល់ ៤៣អង្សាសេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: