ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងចុងរដូវប្រាំងនេះ ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង

BY
srey nuch
April 8, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២៤ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។

អគ្គិសនីកម្ពុជា បានឱ្យដឹងថា អាកាសធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៤នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនី ចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា កើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជា ចាំបាច់ត្រូវផលិតអគ្គិសនី ចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃ កាត់បន្ថយការចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានថ្លៃខ្ពស់ក្នុងរយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វី ដែលមានប្រយោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួមដូចខាងក្រោម៖

១.ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម

២.បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យអស់លទ្ធភាព ក្នុងករណីមិនចាំបាច់

៣.បន្ថយការបើកទ្វារចំហជាញឹកញាប់ រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ

៤៖ ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណា ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។

ការជួយសន្សំសំចៃថាមពលអគ្គិសនី របស់បងប្អូនតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថា ហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ។

អគ្គិសនីកម្ពុជា សង្ឃឹមលើស្មារតីសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្ត ការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយកាប្រើប្រាស់អគ្គិសនី ឱ្យអស់លទ្ធភាពនៅក្នុងចុងរដូវប្រាំងនេះ។ ក្នុងករណី មានចម្ងល់ផ្សេងៗ សូមមេត្តាប្រើប្រាស់ EDC App ឬលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំនាក់ទំនងដោយផ្ទាល់នៅតាម បណ្តាសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំងប្រើប្រាស់៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC

Share This Post: