ព័ត៌មានជាតិ

រថយន្តក្រុងចំនួន ១៣៥គ្រឿង ត្រៀមសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប

BY
srey nuch
April 10, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្ដីពីការធ្វើដំណើរ ដោយឥតបង់ថ្លៃតាមរថយន្ត (City Bus) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖

១- ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។

២- ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញតាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
– នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤ ៖ ០០ នាទី រសៀល
– ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)
– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

Share This Post: