ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា យុទ្ធនាការបង្ក្រាបបទល្មើសកាប់ទន្រ្ទានដីព្រៃតំបន់បឹងទន្លេសាប មិនបានឈប់នោះទេ,ទើបតែក្ដៅម៉ាស៊ីន អ៉ីចឹងត្រូវធ្វើបន្តទៀត ខណៈបច្ចុប្បន្នបានឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងនោះមានអភិបាលរងស្រុកម្នាក់

BY
Liny Chan
April 10, 2024

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទ “ សន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ ” ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុទ្ធនាការនៃការបង្ក្រាបបទល្មើសការកាប់ទន្រ្ទាន រុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋ គឺមិនបានសម្រាកនោះទេ ពេលនេះ កំពុងក្ដៅម៉ាស៊ីន ដូច្នេះ ត្រូវបន្តធ្វើជាបន្តទៀត ខណៈបច្ចុប្បន្នបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោងមួយចំនួន ក្នុងនោះក៏មានអភិបាលរងស្រុកម្នាក់ផងដែរ។

សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឱកាសបិទសន្និបាត ក្រសួងកសិកម្ម ខ្ញុំបានចេញគោលការណ៍ឱ្យរៀបចំដើម្បីធ្វើកិច្ចការងារក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលយើងធ្លាប់មានបញ្ហាទន្រ្ទានពីមុនពេលបោះឆ្នោត ហើយនឹងក្រោយបោះឆ្នោតនេះក៏យើងចាប់ផ្ដើមបន្តសកម្មភាពនេះឡើង កន្លងទៅក៏មានអ្នកវិភាគមួយចំនួនលើកឡើងថា បាត់បទបញ្ជារបស់នាយករដ្ឋមន្រ្តី ដាក់ហើយអត់ប្រសិទ្ធិភាពទេ ព្រោះស្ងាត់ឈឹង ដាក់ហើយមិនឃើញមានអ្នកណាធ្វើអ្វីទាំងអស់។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ចាប់ពីថ្ងៃដែលខ្ញុំប្រកាសនោះមកដល់ពេលនេះ គឺ ៧២ថ្ងៃគត់ ក្រុមការងារចម្រុះរបស់យើង ដែលខ្ញុំប្រគល់ភារកិច្ចជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ឯកឧត្តម ថោ ជេដ្ឋា ក៏មានក្រសួងពាក់ព័ន្ធជាច្រើនដូចជា ក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បូកជាមួយអាជ្ញាធរខេត្តទាំង ៦ បានស្រុះគ្នា ចុះធ្វើការជាបន្តបន្ទាប់ ការងារខ្លះមានការបង្ហោះផ្សព្វផ្សាយ ការងារខ្លះ ចំណាត់ការខ្លះ គឺយើងធ្វើជាប់ជាប្រចាំទោះបីជា កន្លែងខ្លះ មិនបានផ្សព្វផ្សាយ»។

សម្ដេចបានប្រសាសន៍បន្ថែមថា៖ « នៅក្នុងរយៈពេលជាង ៧០ថ្ងៃ ក្រុមការងារចម្រុះបានធ្វើការ ទី១. បានផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធតំបន់ និងបញ្ចប់នៅក្នុងការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ នៅក្នុងកំណត់ថាតើ តំបន់១ តំបន់២ តំបន់ដីកន្លែងណា តំបន់ណាដែលត្រូវជាកន្លែងកាត់ឆ្វៀល។ ទី២. បានរៀបចំបោះបង្គោល ខ្ញុំបានអនុម័ត ថវិកា ៤លានដុល្លារ ដើម្បីជាជំហានមួយនៅក្នុងការបោះបង្គោល ឥឡូវចាប់ផ្ដើមបោះបណ្ដើរៗហើយ​នៅតាម ៦ខេត្តហ្នឹង នៅក្នុងតំបន់៣ ដើម្បីបោះព្រំ កំណត់ព្រំហើយបោះព្រំនេះតែម្ដងហើយយើងសហការចុះបញ្ជីនៅតំបន់ទន្លេសាបឱ្យបានឆាប់ មូលដ្ឋាន ៣នេះ សំខាន់ណាស់ បើយើងចុះទៅអត់ដឹងកន្លែងណាព្រំដីផង យើងមិនដឹងថាម៉េច យើងចុះទៅមិនដឹងថាកន្លែងណាតំបន់១ តំបន់២ តំបន់៣ ច្បាស់ នឹងពិបាកធ្វើការ អ៉ីចឹងយើងរុញបែបនេះទៅ ការចុះក្បាលដី ការកំណត់ក្បាលដី ជាកិច្ចការសំខាន់ ហើយនេះហើយគឺជាអ្វីដែលយើងបានធ្វើ ហើយជម្រុញ និងបន្តធ្វើទៀត ពេលជាមួយគ្នាយើងក៏បានចាត់វិធានការ ក្នុងការទប់ស្កាត់នៅការទន្រ្ទានផ្សេងៗ អាជ្ញាធរដែនដីមូលដ្ឋាន ចុះទៅកន្លែងទន្រ្ទានមួយចំនួនត្រូវបានដកថយ យើងមានការកែសម្រួលមន្រ្តីរបស់យើង ជំនាញមួយចំនួន នៅក្នុងខេត្តខ្លះ ដាក់អ្នកថ្មីដែលមានទម្ងន់ឱ្យធ្វើវិញ គ្រាន់តែមិនបានផ្សព្វផ្សាយ យើងថ្ងៃមុនឈានទៅដល់ការបង្រ្កាបនៅកំពង់ឆ្នាំង ដែលចាប់បាន ៣នាក់ មានឈ្មួញដែលរកស៊ីដី មានរហូតទៅដល់មន្រ្តី និងអភិបាលរងស្រុកម្នាក់ ដែលត្រូវ ACU….»។

សម្ដេចធិបតី គូសបញ្ជាក់ផងដែរថា៖ «កិច្ចការនេះ យើងត្រូវបន្តធ្វើបន្តទៀត ដើម្បីការពារផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋរបស់យើង ព្រោះបឹងទន្លេសាប ជាបឹងធំជាងគេនៅអាស៊ី ជាជំរកត្រីពង មានប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាប្រព័ន្ធអេកូស៊ីស្ទឹមជាច្រើនដែលជួយដល់ប្រទេសយើង។ អ៉ីចឹងយើងត្រូវធ្វើយ៉ាងណាដោះស្រាយ ដើម្បីធានាបានតាមគោលការណ៍ យើងត្រូវវាស់ឱ្យច្បាស់កន្លែងណាដែលយើងបានប្រែក្លាយពីតំបន់៣ ទៅតំបន់២ កន្លែងណាដែលប្រែពីតំបន់ ២ ទៅតំបន់១ កន្លែងណាដែលយើងត្រូវកាត់ឆ្វៀល ជូនប្រជាជន កន្លែងណាដែលត្រូវប្រើប្រាស់តែគ្មានសិទ្ធិចេញប័ណ្ណ កន្លែងណាដែលត្រូវអភិរក្សដើម្បីរយៈពេលវែង ហើយយើងត្រូវពិនិត្យឡើងវិញតាមស្ថានភាពជាក់ស្ដែង​ ដើម្បីធ្វើយ៉ាងណាឱ្យចរីភាព រួមគ្នាទាំងអស់គ្នា! មន្រ្តីរបស់យើប្រហែលប្រមាណរយនាក់ ពីថ្នាក់ជាតិ និងថ្នាក់ខេត្តរួមគ្នាធ្វើ ប៉ុន្តែបានផលសម្រាប់ ១៧លាននាក់ ហើយថ្ងៃក្រោយទៅ ៣០លាននាក់ គឺបានផលពីបឹងទន្លេសាបយើង។ អ៉ីចឹងកិច្ចការងារនេះ យើងបានធ្វើច្រើនក្នុងរយៈពេល ៧០ថ្ងៃ ប៉ុន្តែមិនទាន់ចប់ទេ ម៉ាស៊ីនទើបតែក្ដៅ យើងនឹងបន្តធ្វើបន្តទៀត ហើយធ្វើឱ្យមាននិរន្តភាពតែម្ដង »៕

អត្ថបទ៖ លីនី

Share This Post: