អន្តរជាតិ

ម៉ាឡេស៊ីទាញសញ្ញាអាសន្នកម្រិត១ ចំពោះទីតាំងចំនួន១០ ជុំវិញបញ្ហារលកម្តៅ

BY
Pheakdey
April 22, 2024

ម៉ាឡេស៊ី៖ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានទាញសញ្ញាអាសន្នកម្រិត១ជុំវិញបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២២ ខែមេសានេះ។ ការទាញអាសន្ននេះត្រូវបានធ្វើឡើងនៅក្នុងទីតាំងចំនួន ១០រួមមាន តំបន់ Pendang និងតំបន់ Baling ស្ថិតនៅក្នុងរដ្ឋ Kedah តំបន់ Hulu Perak នៃរដ្ឋ Perak តំបន់ Kuala Krai តំបន់ Gua Musang តំបន់Tanah Merah និងតំបន់ Pasir Mas នៅក្នុងរដ្ឋ Kelantan តំបន់ Besut នៅក្នុងរដ្ឋ Terengganu តំបន់ Kinabatangan នៅក្នុងរដ្ឋ Sabah និងតំបន់ Mukah ដែលស្ថិតនៅក្នុងរដ្ឋ Sarawak ។

ប្រភពខាងលើបានបន្តថា តំបន់ដែលស្ថិតនៅក្រោមការទាញសញ្ញាអាសន្នទាំងអស់នេះគឺមានសីតុណ្ហភាពចន្លោះពី ៣៥អង្សាសេទៅ​ ៣៧អង្សាសេចំនួន ៣ថ្ងៃជាប់គ្នាមកហើយ ខណៈការព្យាករណ៍បានបង្ហាញថា កម្រិតសីតុណ្ហភាពអាចនឹងបន្តកើនឡើងខ្ពស់ជាងនេះបន្ថែមទៀតផងដែរនៅក្នុងសប្តាហ៍នេះ។ គួររម្លឹកជូនថា នៅក្នុងរដូវក្តៅឆ្នាំនេះអាជ្ញាធរម៉ាឡេស៊ីបានរកឃើញមានមនុស្សស្លាប់ចំនួន ២នាក់ហើយដែលបានបង្កឡើងដោយសារតែបញ្ហារលកកម្តៅ ដោយជនរងគ្រោះទី១ គឺជាបុរសអាយុ ២២ឆ្នាំបានស្លាប់នៅក្នុងរដ្ឋ Pahang​ កាលពីថ្ងៃទី២ ខែកុម្ភៈ និងជនរងគ្រោះទី២ គឺជាកូនក្មេងអាយុ ៣ឆ្នាំបានស្លាប់នៅក្នុងរដ្ឋ Kelantan កាលពីថ្ងៃទី១ ខែមេសា ខណៈជនរងគ្រោះទាំង២នាក់សុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគេបានស្ថិតនៅក្រោមកំដៅថ្ងៃខ្លាំងអស់រយៈពេលជាច្រើនម៉ោង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

 

Share This Post: