អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងហាមឃាត់ទូរស័ព្ទ iPhone ក្នុងបរិវេណអគារយោធាដើម្បីការពារការបែកធ្លាយព័ត៌មានសំខាន់ៗ

BY
Pheakdey
April 24, 2024

កូរ៉េខាងត្បូង៖ យោធានៃប្រទេសកូរ៉េខាងត្បូងកំពុងពិចារណាអំពីគម្រោងហាមឃាត់មិនឱ្យមានការប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងបរិវេណអគារយោធាទាំងអស់ ដើម្បីការពារកុំឱ្យមានការបែកធ្លាយព័ត៌មានសំខាន់ៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមេសានេះ។ គម្រោងដ៏ចម្រូងចម្រាសនេះត្រូវលើកយកមកពិភ្សានៅក្នុងកិច្ចប្រជុំពិសេសមួយរវាង យោធាជើងគោក យោធាជើងទឹក និងយោធាជើងអាកាសនៃប្រទេសកូរ៉េខាងត្បូង ដែលរៀបចំឡើងនៅក្នុងទីស្នាក់ការកណ្តាលនៃមូលដ្ឋានយោធាក្នុងទីក្រុង Gyeryongdae នៃខេត្ត South Chungcheong។

បើតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា​ នាពេលកន្លងមកមានព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងនឹងកិច្ចការយោធាកូរ៉េខាងត្បូងត្រូវបានបែកធ្លាយចេញទៅក្រៅ តាមរយៈមុខងារនិងកម្មវិធីថតសំឡេងមួយចំនួនដែលមាននៅក្នុងទូរស័ព្ទ iPhone ខណៈការបែកធ្លាយព័ត៌មានទាំងអស់នេះក៏បានប៉ះពាល់ដល់សន្តិសុខក្នុងវិស័យយោធាកូរ៉េខាងត្បូងទាំងមូលផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីទប់ស្កាត់បញ្ហាឆកល្វែងនេះការហាមហាត់មិនឱ្យមានការប្រើប្រាស់ទូរស័ព្ទ iPhone ដែលដំណើរការដោយប្រព័ន្ធ iOS គឺជាជម្រើសដ៏ល្អបំផុត ខណៈការប្រើប្រាស់ប្រទេសទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដូចជា Samsung ជាដើមហាក់មិនបានបង្កហានិភ័យខ្ពស់នោះទេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះយោធាកូរ៉េខាងត្បូងនៅមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៃការអនុវត្តគម្រោងហាមឃាត់នេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: