អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភជាង ៧,៣ម៉ឺនដុល្លារសម្រាប់ពលរដ្ឋដែលមានកូនម្នាក់

BY
Pheakdey
April 24, 2024

កូរ៉េខាងត្បូង៖ ការធ្លាក់ចុះនៃអត្រាកំណើតបានកំពុងតែក្លាយជាក្តីកង្វល់ដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាក់ស្តែងនៅក្នុងរបាយការណ៍មួយបានបញ្ជាក់ថា អត្រាកំណើតនៅកូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិត ០,៧២%សម្រាប់មនុស្សស្រីម្នាក់នៅក្នុង២០២៣ ហើយអត្រានេះបានបន្តធ្លាក់ចុះមកសល់ត្រឹម ០,៦%ប៉ុណ្ណោះសម្រាប់មនុស្សស្រីម្នាក់នៅក្នុងឆ្នាំ២០២៤។ តាមរយៈទិន្នន័យនេះបានបង្ហាញថា​ បើគិតជាមធ្យមភាគគឺស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់មានអត្រាមានកូនក្នុងចំនួនតិចជាងម្នាក់ ឬនិយាយជាទូទៅគឺកូរ៉េខាងត្បូងមានចំនួនពលរដ្ឋជាមនុស្សស្រ្តីច្រើនជាងចំនួនពលរដ្ឋកើតថ្មី។

ដើម្បីដោះស្រាយបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិជាបន្តបន្ទាប់មានទាំងការផ្តល់ប្រាក់ឧបត្ថម្ភពេលសម្រាលកូន​និងការជួយផ្គត់ផ្គង់ដល់ពេលកុមារត្រូវចូលរៀនទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមេសានេះបានឱ្យដឹងថា បន្ថែមពីលើយន្តការខាងលើរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងក៏កំពុងតែសិក្សាអំពីគម្រោងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការបង្កើតកូនម្នាក់ក្នុងចំនួនដ៏ច្រើនផងដែរ ពោលគឺពលរដ្ឋណាដែលមានកូនម្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០លានវ៉ុន (៧៣,០៥៧ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋកូរ៉េខាងត្បូងកាន់ច្រើនឡើងៗ ដែលមានទំនោរចង់រស់នៅម្នាក់ឯងឬមិនចង់រៀបការបង្កើតគ្រួសារ ខណៈអ្នករៀបការរួចមួយចំនួនក៏មិនចង់មានកូនដែរ ឬមានគម្រោងចង់យកកូនតែម្នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖  The Strait Time

Share This Post: