អន្តរជាតិ

ហ្វីលីពីនសម្រេចឱ្យកូនសិស្សរៀនតាមប្រព័ន្ធ Online ដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ

BY
Pheakdey
April 25, 2024

ហ្វីលីពីន៖ សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីនបានសម្រេចដាក់ឱ្យកូនសិស្សរៀនតាមប្រព័ន្ធ Online ដើម្បីការពារក្រុមកូនសិស្សពីបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ។ ការត្រលប់ទៅរៀនតាមប្រព័ន្ធ Online ជាថ្មីម្តងទៀតនេះបានធ្វើឱ្យគេនឹកឃើញដល់ពេលវេលានៃការរាតត្បាតជំងឺកូវីដ-១៩ ដែលអំឡុងពេលនោះសាលារៀនទាំងអស់នៅលើពិភពលោកសុទ្ធតែជ្រើសរើសយកការបង្រៀនតាមប្រព័ន្ធ Online ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ។

ប្រភពខាងលើបានបន្តថា ការសម្រេចដាក់កូនសិស្សរៀនតាមប្រព័ន្ធ Online ពីសំណាក់អាជ្ញាធរហ្វីលីពីននៅពេលនេះត្រូវបានធ្វើឡើងក្រោយ​កម្រិតសីតុណ្ហភាពនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ខ្ទង់ ៤០អង្សាសេ ហើយតំបន់ខ្លះសីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៤អង្សាសេទៀតផង​ ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា ហ្វីលីពីនអាចប្រឈមនឹងបញ្ហារលកម្តៅនេះក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួររម្លឹកជូនថា នៅក្នុងការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងនៅក្នុងចំណោមគ្រូបង្រៀនចំនួន ៨,០០០នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីចុងខែមីនាកន្លងទៅបានបង្ហាញថា មានក្រុមកូនសិស្សប្រមាណជា ៨៧% ដែលបានរងផលប៉ះពាល់ពីបញ្ហារលកកម្តៅ តែមិនស្ថិតនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: