អន្តរជាតិ

រលកកម្តៅក្នុងឆ្នាំនេះបានបណ្តាលឱ្យពលរដ្ឋថៃ ៣០នាក់ត្រូវបាត់បង់ជីវិត

BY
Pheakdey
April 25, 2024

ថៃ៖ អាជ្ញាធរថៃនៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ បានទាញសញ្ញាព្រមានថ្មីមួយអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបញ្ហារលកកម្តៅដើម្បីដាស់តឿនឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ពួកក្នុងបរិបថដែលសីតុណ្ហភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការទាញសញ្ញាព្រមាននេះ ត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងទីក្រុងបាងកក បានកើនឡើងដល់រហូតដល់ជាង ៤០អង្សាសេក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ។

ប្រភពខាងលើបានបន្តថា​ ទីក្រុងបាងកក និងបណ្តាខេត្តសំខាន់ៗមួយចំនួនទៀតរបស់ថៃនឹងត្រូវប្រឈមជាមួយបញ្ហារលកកម្តៅកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ហើយបើយោងតាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានបង្ហាញថា សីតុណ្ហភាពនៅក្នុងទីក្រុងបាងកកអាចនឹងកើនឡើងរហូតដល់ជាង ៤២អង្សាសេទៀតផង។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញថា នៅក្នុងរដូវក្តៅឆ្នាំនេះពោល គឺគិតចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី១៧ ខែមេសា បញ្ហារលកកម្តៅបានបណ្តាលឱ្យមានពលរដ្ឋថៃចំនួន ៣០នាក់ហើយ ដែលត្រូវស្លាប់បាត់បង់ជីវិត ដោយពួកគេបានស្លាប់ដោយសារតែបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគេបានស្ថិតនៅក្រោមអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនម៉ោង ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅបញ្ហារលកកម្តៅក៏បានបណ្តាលឱ្យពលរដ្ឋថៃចំនួន ៣៧នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: