អន្តរជាតិ

TikTok សុខចិត្តបិទកម្មវិធីចោលក៏មិនព្រមលក់ភាគហ៊ុនឱ្យទៅអាមេរិកដែរ

BY
Pheakdey
April 26, 2024

ហុងកុង៖ ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា ក្រុមហ៊ុនសុខចិត្តបិទកម្មវិធី TikTok នៅលើទឹកដីអាមេរិកចោលក៏មិនព្រមលក់ភាគហ៊ុនឱ្យទៅអាមេរិកគ្រប់គ្រងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៦​ ខែមេសានេះ។ យ៉ាង​ណាក្តី ជម្រើសនៃការបិទកម្មវិធី TikTok ដែលមានពលរដ្ឋអាមេរិកកំពុងប្រើប្រាស់ជាង​១៧០លាននាក់នេះគឺជាជម្រើសទី២ប៉ុណ្ណោះ ដោយជម្រើសទី១គឺក្រុមហ៊ុន ByteDance នឹងព្យាយាមតតាំងតាមផ្លូវច្បាប់ជាមួយនិងរដ្ឋាភិបាលអាមេរិកឱ្យអស់លទ្ធភាពជាមុនសិន។

គួរកត់សម្គាល់ថា កាលពីប៉ុន្មានថ្ងៃមុននេះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន​ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់សម្រាប់ធ្វើការហាមឃាត់កម្មវិធី TikTok រួចហើយ ខណៈក្រោយពីច្បាប់នេះត្រូវបានអនុវត្តជាផ្លូវការគឺអាជ្ញាធរអាមេរិកនឹងសិទ្ធគ្រប់គ្រាន់ក្នុងហាមឃាត់កម្មវិធី TikTok នៅទឹកដីរបស់ខ្លួន។ សូមរម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាង TikTok និងរដ្ឋាភិបាលអាមេរិកបានកើតឡើងជាយូរមកហើយ​​ ដោយអាជ្ញាធរអាមេរិកបានចោទប្រកាន់ថា TikTok គឺជាកម្មវិធីចារកម្មដែលតែងតែលួចប្រមូលទិន្នន័យសំខាន់ៗរបស់ពលរដ្ឋអាមេរិកដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន​ ហើយដើម្បីដោះស្រាយបញ្ហានេះអាមេរិកបានប្រាប់ឱ្យក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកគ្រប់គ្រងទើបអាមេរិកអាចទប់ស្កាត់បញ្ហាចារកម្មនេះបាន បើមិនដូចនេះទេអាមេរិកនឹងបង្កើតច្បាប់ហាមឃាត់កម្មវិធីមួយនេះទាំងស្រុងតែម្តង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: